(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើសុំដល់ប្រធានលេខាធិការដ្ឋាន គ.វ.អ ជួយបញ្ចូលសាលាបឋមសិក្សាទាំង៤១០សាលា ចូលជាសាលាគោលដៅ គ.វ.អ ដើម្បីចូលរួមពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ ដែលជាវិស័យគន្លឹះនិងជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សង្គមជាតិ នាពេលបច្ចុប្បន្ននិងពេលអនាគត។ ការស្នើសុំបែបនេះក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តកំពង់ចាមនិងខេត្តព្រៃវែងស្ថិតក្រោមអធិបតីភាព លោក ពេជ សោភ័ន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគ.វ.អ. ដោយមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ,គណៈប្រតិភូនៃគណៈកម្មាធិការ, មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណ៦០០នាក់ ដែលបានធ្វើឡើង នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២៥ ។
នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានថ្លែងថា« រដ្ឋបាលខេត្តពិតជាមានមោទនភាពខ្ពស់ដោយ លេខាធិការដ្ឋានដែលបានជ្រើសរើស និងចាត់បញ្ចូល សាលាទាំង ១៤ ក្នុងខេត្តកំពង់ចាម ជាសាលារៀនគោលដៅសម្រាប់អនុវត្ត វិធានការគន្លឹះ គ.វ.អ ព្រមទាំងបានសំដែង នូវ ការ គាំទ្រ ចំពោះ គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តនិរន្តរភាពក្នុងកំណែទម្រង់លើវិស័យអប់រំ នេះ ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការពង្រឹងគុណភាពអប់រំ ក៏តម្រូវឱ្យយើងត្រូវពិនិត្យមើលការផ្តល់សេវា អប់រំ ជាកញ្ចប់តាំងពីកម្រិតកុមារតូចដល់មធ្យមសិក្សា ដោយគុណភាពអប់រំផ្អែកលើកត្តាចំនួន៥ រួមមាន៖កត្តាទី១-នាយកសាលា, ។កត្តាទី២-គ្រូបង្រៀនកត្តាទី៣-សិស្សានុសិស្ស, ។
កត្តាទី៤- ការគាំទ្រពីគ្រួសារ ។និងកត្តាទី៥-ការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធ ផងដែរ ។ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានថ្លែងថា វិធានការគន្លឹះ គ.វ.អ. ដែលកំពុងអនុវត្តនៅតសាលាគោលដៅទូទាំងប្រទេសនាពេលនេះមានចំនួនសរុប ១៦១សាលា ដែលផ្តោតលើការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស ជាពិសេសការបង្កើនម៉ោងសិក្សាចំនួន ២ម៉ោងក្នុងថ្ងៃ ដោយមិនយកប្រាក់ពីឪពុកម្តាយសិស្សនោះទេ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃបំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកអន្តរាគមន៍ចំពោះពង្រឹងគុណភាពការអប់រំកម្រិតបឋមសិក្សា ជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងមូលដ្ឋានគ្រឹះនៃមូលធនមនុស្សសម្រាប់ផ្សារភ្ជាប់ទៅគោលដៅសិក្សានៅថ្នាក់ខ្ពស់ និងការចូលទីផ្សារការងារប្រកបដោយចំណេះដឹងនិងជំនាញសមស្រប៕