កាលពីថ្ងៃពុធ(ទី១២ ខែមីនា)ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរាយការណ៍ថាបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសជាលើកដំបូង ចាប់តាំងពីកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកនិងគ្រប់គ្រងទឹកដីមួយចំនួនក្នុងតំបន់នេះ កាលពីខែសីហា ឆ្នាំ២០២៤មក។
ប្រភពពីសារព័ត៌មាន Reuters។
ដោយបង្ហាញខ្លួននៅតាមកញ្ចក់ទូរទស្សន៍រុស្ស៉ី ជាមួយឯកសណ្ឋានយោធា លោក ពូទីន បានធ្វើទស្សនកិច្ចនៅឯទីបញ្ជាការគ្រប់គ្រងមួយកន្លែងក្នុងតំបន់ Kursk ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពរុស្ស៉ី។ លោក ពូទីន ក៏បាន ជំរុញផងដែរឱ្យកងទ័ពរុស្ស៉ីវាយរំដោះតំបន់ Kursk ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ខណៈអ៊ុយក្រែនបានព្រលយថាកងទ័ពរបស់ខ្លួនកំពុងដកថយនៅចំពោះមុខការរីកចម្រើនយ៉ាងលឿនរហ័សរបស់កងទ័ពរុស្ស៉ី។ ព្រមពេលជាមួយគ្នា នាយអគ្គេសេនាធិការកងទ័ពរុស្ស៉ី លោក Valery Gerasimov បានធ្វើរបាយការណ៍ជូនលោក ពូទីន ដោយបញ្ជាក់ថាកងទ័ពអ៊ុយក្រែនក្នុងតំបន់ Kursk កំពុងត្រូវបានឡោមព័ទ្ធ។
តាមលោក Gerasimov កងទ័ពរុស្ស៉ីបានចាប់ខ្លួនទាហានអ៊ុយក្រែន ៤៣០នាក់ នៅក្នុងតំបន់ Kursk ខណៈអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន Oleksandr Syrsky បានអះអាងថាកងទ័ពអ៊ុយក្រែនបានចាប់ខ្លួនកងទ័ពរុស្ស៉ី ៩៤២នាក់។ ប៉ុន្តែ លោក ពូទីនបាននិយាយថារុស្ស៉ីគួរតែចាត់ទុកកងទ័ពអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនក្នុងតំបន់ Kursk ជាភេរវករ៕