ចាប់ខ្លួនបុរសម្នាក់ ក្រោយ(ខមិន)ប្រមាថការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ជាមួយសម្ដេចតេជោ!

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម ដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នា រវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា..!។

ការចាប់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ជននេះឈ្មោះ ឡុក អូវីដេ អាយុ៣៥ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរលក់ចាប់ហួយ ប្រើឈ្មោះនៅតាម Facebook Luock Oriday។

ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ស្អែកនេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

កាលពីម្សិលមិញ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះចាប់បញ្ជូនមនុស្សម្នាក់មកពីបាត់ដំបង មកភ្នំពេញ ដែបានរពឹសដៃតាមបណ្តាញសង្គម Facebook ដែលបានប្រៀបធៀបសម្តេច ជាមួយលោក ឌូតឺតេ ដោយព្រហើននិយាយថា បន្ទាប់ពីលោក ឌូតឺតេ នឹងដល់វេនសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ក្រៅបង្ហោះសារប្រមាថ និងប្រៀបធៀបហើយនោះ បុរសខាងលើប្រកាសចង់ជប់លៀងរយៈពេល៣យប់ ៣ថ្ងៃថែមទៀត ហើយឥលូវនេះយកមកឲ្យជប់លៀងក្នុងពន្ធនាគារតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version