រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឱ្យបញ្ជូនមន្ត្រីនគរបាលដែលល្មើសវិន័យ ទៅធ្វើការព្រំដែនចាប់ពី៣ទៅ៦ខែ!

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សាដើម្បីឈានទៅអនុវត្ត ដោយបញ្ជូនមន្រ្តីនគរបាលណា ដែលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ទៅ៦ខែ នៅបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាត់ព្រំដែន។
ការណែនាំដ៏ហ្មឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្កានិងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥..!។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន។
លោកបានមានប្រសាសន៍ក្នុងន័យដើមថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ»ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅនិងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំនៃសម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍គន្លឹះៗជាច្រើនទៀត រួមទាំងបានផ្តល់ការឧបត្ថម្ភគាំទ្រដល់សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាមនូវរថយន្តប្រព័ន្ធចម្រោះទឹកស្អាត និងកុំព្យូទ័រមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version