រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ អំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
នេះបើយោងតាមការចេញផ្សាយដោយ Anadolu Agency។
ក្រសួងការបរទេសបាននិយាយថា Rubio ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះលែងចំណាប់ខ្មាំង និងនាំពួកគេត្រឡប់ទៅផ្ទះវិញ។
លោកសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែល លោកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល Trump ក្នុងការស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រក្រហម តាមរយៈប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម Houthi របស់យេម៉ែន។
យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅពេលដែលកងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងទៅលើមន្ទីរពេទ្យមួយ នៅភាគខាងត្បូងហ្គាហ្សា កាលពីយប់ថ្ងៃអាទិត្យ។
យោធាអ៊ីស្រាអែលបានទទួលស្គាល់ការវាយប្រហារនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយអះអាងថាខ្លួនបានសម្លាប់សមាជិកសំខាន់នៃក្រុមហាម៉ាសប៉ាឡេស្ទីន។
ក្រុមនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា Ismail Barhoum សមាជិកនៃការិយាល័យនយោបាយរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្នែកមួយនៃមន្ទីរពេទ្យ Nasser Medical Hospital ក្នុង Khan Younis ខណៈពេលដែលកំពុងទទួលការព្យាបាល។
កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 700 នាក់ និងរបួសជាង 1,000 នាក់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារសប្តាហ៍មុន ។
ដោយបានបំបែកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសដែលបានធ្វើឡើងនៅក្នុងខែមករា។
ប្រជាជនប៉ាឡេស្ទីនជាង 50,000 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 113,200 នាក់បានរងរបួសនៅក្នុងការវាយលុករបស់យោធាអ៊ីស្រាអែលយ៉ាងព្រៃផ្សៃលើតំបន់ហ្គាហ្សាចាប់តាំងពីខែតុលា ឆ្នាំ 2023៕