គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា កម្ពុជាមិនមានគ្រោះរញ្ជួយដីនោះឡើយ!

(ភ្នំពេញ)៖ កាលពីថ្ងៃទី(២៩ ខែមីនា)លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាកម្ពុជា មិនមានកន្លែងណាមួយដែលកើតមានបញ្ហារញ្ជួយដីដូចនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀតនោះទេ។
អ្នកនាំពាក្យរូបនេះបាននិយាយថាសម្រាប់ស្ថានភាពគ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ សម្រាប់ព្រះរាជាណាចក្រកម្ពុជា មិនមានកន្លែងដែលកើតមានបញ្ហារញ្ជួយដីទេ។ចំពោះបុគ្គលិកធនាគារមួយចំនួនធ្វើការនៅតាមអគារខ្ពស់ៗខ្លះ ដោយសារភ័យខ្លាចបានផ្អើលចេញពីធនាគារដើម្បីគិតពីសុវត្ថិភាពដោយសារទទួលបានព័ត៌មានថាមានរញ្ជួយដីនិងមានអារម្មណ៍ថាមានការរង្គើអគារ ក្រោយករណីរញ្ជួយដីនៅប្រទេសថៃ។ ប៉ុន្តែនៅរសៀលថ្ងៃទី ២៨ មីនា ដដែលបុគ្គលិកក៏បានចូលធ្វើការធម្មតាវិញធនាគារខ្លះដល់ម៉ោងចេញក៏ទៅផ្ទះតែម្ដង។បន្ថែមពីនេះអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រុមការងារជំនាញបានចុះប្រមូលព័ត៌មានបន្ថែមដើម្បីវាយតម្លៃអំពីស្ថានភាពដែលបានកើតឡើងតើមានការប៉ះពាល់ឬយ៉ាងណា?។ ជាក់ស្ដែងអត់មានឃើញសញ្ញាមានការរង្គើញ័រនៅរាជធានីភ្នំពេញទេ។ លោកបន្តថា ជារួមសម្រាប់កម្ពុជា អត់ទាន់មានបញ្ហាអ្វីកើតឡើងទេហើយមកដល់ពេលល្ងាចដដែលសភាពការណ៍បានវិលមករកជាធម្មតាវិញហើយ។ជាមួយគ្នានេះ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក កត្តា អ៊ន បានឱ្យដឹងនាព្រឹកថ្ងៃទី២៩ មីនា នេះថាគិតត្រឹមម៉ោងនេះ ពុំទាន់មានព័ត៌មានថា មិនមានពលករខ្មែររងគ្រោះដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ។ចំណែកស្ថានទូតកម្ពុជា និងអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដាននៅទីកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការបំបំផ្លាញដ៏សម្បើម។ ក្រៅតែពីមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីដ៏ធំមិនធ្លាប់មាននេះ ក៏បណ្តាលឲ្យមានផលប៉ះពាល់នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនផងដែរ ដូចជា ថៃ ចិន វៀតណាម ឡាវ និងបង់ក្លាដែស។ ត្រឹមព្រឹកថ្ងៃសៅរ៍នេះ តួលេខអ្នកស្លាប់បានឡើងដល់៦៩៤ នាក់ ស្លាប់ និងរបួស ១ ៦៧០ម្នាក់នៅមីយ៉ាន់ម៉ា។ចំណែកនៅប្រទេសថៃ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ សមត្ថកិច្ចថៃបានរកឃើញជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកកប្រទេសថៃចំនួន ៥០នាក់ស្លាប់៣នាក់ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។
គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមានចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអាហារ ផ្នែកឧស្សាហកម្ម ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារក្នុង១ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង២ពាន់លានដុល្លារ ក្នុង១ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ច
ជាតិកាន់តែរីកចម្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version