Update៖ ម៉ាឡេស៊ី ប្រកាសផ្តល់ជំនួយ២.៣លានដុល្លារ ដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះដោយសាររញ្ជួយដី!

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim ប្រកាសថាម៉ាឡេស៊ីនឹងផ្តល់ជំនួយមនុស្សធម៌ គិតជាទឹកប្រាក់ស្មើនឹង១០លានរីងហ្គីត(២.៣លានដុល្លារ)ដើម្បីជួយដល់ជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា។
ប្រភពពីសារព័ត៌មានCNA។

ក្រៅពីប្រកាសផ្តល់ជំនួយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ម៉ាឡេស៊ីក៏បានបញ្ជូនក្រុមជួយសង្រ្គោះគ្រោះហន្តរាយ ចំនួន៥០នាក់ ទៅកាន់រដ្ឋធានីណៃពិដោនៃប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងមនុស្សធម៌ និងសង្រ្គោះនៅទីនោះ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ លោក Anwar បានថ្លែងថា ការចូលរួមចំណែកនេះ ឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ និងសាមគ្គីភាពរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។
បើតាមលោក Anwar រូបលោកបានបង្គាប់ឱ្យលោក Mohamad Hasan រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ដឹកនាំបេសកកម្មមនុស្សធម៌មួយ ទៅកាន់មីយ៉ាន់ម៉ា នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារចំប្រទេសមីយ៉ាន់ម៉ា ជាហេតុបង្កឱ្យ មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅតំបន់ដូចជា Mandalay, Bago, Magway, Shan, Sagaing និង Naypyidaw។
បណ្តាប្រទេសខាង ក៏បានទទួលរងឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីដ៏ខ្លាំងនោះផងដែរ ជាពិសេសនៅប្រទេសថៃ ដែលមានមនុស្សស្លាប់ យ៉ាងហោច១៧នាក់ និង៧៧នាក់បាត់ខ្លួន។
នៅមីយ៉ាន់ម៉ាផ្ទាល់ មានមនុស្ស១.៧០០នាក់ស្លាប់ របួស៣៤០០នាក់ និងបាត់ខ្លួនជាង៣០០នាក់ផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version