ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅខាងក្រៅរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។
បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។
នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
Sayyed Razi Mousavi ដែលជាមេបញ្ជាការកំពូលរបស់ IRGC នៅក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ។
គាត់ទទួលខុសត្រូវ ក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងស៊ីរី និងអ៊ីរ៉ង់ ដែលជាផ្នែកមួយដ៏សំខាន់នៃបណ្តាញសម្ព័ន្ធមិត្ត និងប្រូកស៊ីក្នុងតំបន់របស់អ៊ីរ៉ង់ ដែលគេស្គាល់ថាជា “អ័ក្សនៃការតស៊ូ។
ការស្លាប់របស់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Razi Moussavi កើតមានឡើង ចំពេលភាពតានតឹងកំពុងកើនឡើង ក្នុងតំបន់មជ្ឈិមបូព៌ា ជាទីដែលចលនាប្រដាប់ អាវុធគាំទ្រដោយអ៊ីរ៉ង់បានបង្កើនការវាយប្រហាររបស់ខ្លួន ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA លោក Moussavi ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៊ីស្រាអែល លើស្រុក Zeinabiyah ស្ថិតនៅជាយរដ្ឋធានីដាម៉ាស ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចាត់ទុកលោក Razi Moussavi ជាទីប្រឹក្សាដ៏មានបទពិសោធន៍បំផុតម្នាក់នៃកងកម្លាំង Quds ដែលជាអង្គភាពយោធាទទួល បន្ទុកកិច្ចការសង្គ្រាមនៅក្រៅប្រទេសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
IRNA បន្ថែមទៀតថាប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Moussaviដែរ ភ្ជាប់ជាមួយការសន្យា ថានឹងឱ្យអ៊ីស្រាអែល តបស្នងមកវិញយ៉ាងស័ក្តិសមចំពោះទង្វើឧក្រិដ្ឋនេះ។
ប៉ុន្តែភ្លាមៗ ខាងអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕