(ភ្នំពេញ)៖ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្ពោធ ដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ជាចំណងដៃដ៏ពិសិដ្ឋ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអ្នកខេត្តកំពង់ចាមនិងត្បូងឃ្មុំ ជាពិសេសអ្នកស្រុកស្ទឹងត្រង់និងក្រូចឆ្មារ, នៅពេលនេះចំណងដៃថ្មីមួយទៀត គឺផ្លូវជាតិលេខ៧១សេ ដែលចាប់ផ្តើមសាងសង់ក្នុងដំណាក់កាលសម្តេចតេជោដឹកនាំ ក៏ត្រូវបានសាងសង់រួចរាល់ក្លាយជា ចំណងមរតកដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំនិងកំពង់ចាម។
ផ្លូវជាតិលេខ៧១សេ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរតាំងពីឆ្នាំ២០២៤មក ម្ល៉េះតែពិធីសម្ពោធផ្លូវការទើបនឹងធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ ២០២៥។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១សេ មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុក ចំការ លើ ខេត្តកំពង់ចាម។
គម្រោងនេះត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេស រួមមាន៖ ផ្លូវមេ មានប្រវែង ៩២,៤៤៦គីឡូម៉ែត្រ ទទឹងផ្លូវនៅក្រៅទីប្រជុំជន ប្រវែង ១១ម៉ែត្រ និងនៅក្នុងទីប្រជុំជន ប្រវែង ៩ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គីឡូម៉ែត្រ ទទឹងផ្លូវ ប្រវែង ១០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ ទីម៉ែត្រ, ផ្លូវខ្នែងមានចំនួន ៩ខ្សែ ប្រវែង ៦,៧២៥ គីឡូម៉ែត្រ ទទឹង តួផ្លូវ ប្រវែង ៧ម៉ែត្រ ក្រាលកៅស៊ូពីរប្រទាប់ DBST, ស្ពានធំៗ មាន ចំនួន ៣កន្លែង ប្រវែងសរុប ៦៣៥ម៉ែត្រ, ស្ពានមធ្យម មានចំនួន ៨ កន្លែង ប្រវែង សរុប ២៣៧ម៉ែត្រ ដាក់លូគ្រប់ប្រភេទ ចំនួន ១៩៩ កន្លែង និងមានកន្លែងសម្រាប់រថយន្តបត់ត្រឡប់ (U-Tum) រួមជាមួយ នឹងការងារគូសគំនូសចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ រនាំ ង សុវត្ថិ ភាព និងដាំបង្គោលគីឡូម៉ែត្រ ស្របតាមបទដ្ឋានបច្ចេក ទេសផ្លូវ ថ្នល់។
ផ្លូវនេះ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃនិងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានដោយចំណាយថវិកាសាងសង់សរុបប្រមាណ១៣៣លានដុល្លារអាម៉េរិកជាឥណទានសម្បទានពីរដ្ឋាភិបាលចិនរួមជាមួយនឹងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោស សម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ផ្សេងៗ។
សូមគូសបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៧១សេ បានបែងចែកជា ២ផ្នែក គឺផ្នែកខាងកើត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងផ្នែកខាងលិច ស្ថិតនៅក្នុងខេត្តកំពង់ចាម និងបានតភ្ជាប់គ្នាតាមរយៈ ស្ពានមិត្តភាព កម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)។ ផ្លូវជាតិលេខ៧១សេនេះ គឺជាខ្សែផ្លូវ យុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយ បណ្តាញ ខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ ជាមួយ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវ នានា នៅក្នុងតំបន់ នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។
បច្ចុប្បន្ន ផ្លូវជាតិលេខ៧១សេ បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនង សកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើរ របស់ប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្ត ជាប់ ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹក ជញ្ជូន ពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕