សារព័ត៌មាន Jakarta Globe បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី បានជំរុញសិស្សរបស់ខ្លួននៅសហរដ្ឋអាមេរិក ឱ្យគ្រប់គ្រងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការនិរទេស ការបដិសេធការចូល ឬការឃុំឃាំង។
នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។
ការណែនាំនេះ ធ្វើឡើងនៅពេលដែលការអនុវត្តច្បាប់អន្តោប្រវេសន៍មានការកើនឡើងក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump។
ជាលើកដំបូង ស្ថានទូត និងស្ថានកុងស៊ុលឥណ្ឌូណេស៊ី នៅសហរដ្ឋអាមេរិក បានដាក់បញ្ចូលការណែនាំតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមនៅក្នុងការណែនាំអំពីទិដ្ឋាការផ្លូវការ។
ស្ថានអគ្គកុងស៊ុលឥណ្ឌូណេស៊ី នៅទីក្រុង Los Angeles បាននិយាយនៅលើ Facebook ថា ត្រូវមានប្រាជ្ញាក្នុងការគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ជៀសវាងការបង្ហោះដែលអាចបង្កឱ្យមានការយល់ខុស ឬផលវិបាកផ្លូវច្បាប់។
សិស្សក៏ត្រូវបានដាស់តឿនកុំឱ្យធ្វើការដោយគ្មានការអនុញ្ញាតត្រឹមត្រូវ និងរក្សាស្ថានភាពសិស្សពេញម៉ោង។ អាជ្ញាធរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមច្បាប់សហព័ន្ធ និងរដ្ឋរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា លោក Trump បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិដែលផ្តោតលើជនបរទេសដែលត្រូវបានគេមើលឃើញថាមាន “អាកប្បកិរិយាអរិភាព” ចំពោះសហរដ្ឋអាមេរិក។ នោះរាប់បញ្ចូលទាំងការបង្រ្កាបលើអ្វីដែលលោកហៅថា ប្រឆាំងពួកនិយម ដែលនាំទៅដល់ការនិរទេសនិស្សិតបរទេសមួយចំនួន ដែលបានចូលរួមក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតាមបរិវេណសាកលវិទ្យាល័យ៕