(ភ្នំពេញ)៖ អនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
-នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីចុងឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាង សុខឃាង ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរអនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន ភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។
ជនខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ ដោយយោងតាមចម្លើយសារភាព និងភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់ បណ្តាញសង្គមយកមកធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ។
ដែលអំពើនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ៕