(ភ្នំពេញ)៖ រថយន្ដ Hammer ដែលបុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ និងកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនអ្នកបើកបរ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នេះបើយោងតាមការលើកឡើង ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអំពាវនាវដល់ជនបង្ក ដែលបើករថយន្ដបុកមនុស្សស្លាប់ពីរនាក់នេះ ។
សូមចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ។
ខណៈសមត្ថកិច្ចរបស់លោក នឹងមិនដកដៃរាថយឡើយ ក្នុងប្រតិបត្តិការយ៉ាងស្រាវជ្រាវស្វែងចាប់ខ្លួនឲ្យខាងតែបាន។
គួរម្លឹកថាៈ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ។
ហើយរថយន្ដបើកគេចខ្លួនបាត់ នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ។
ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក សង្ស័យរថយន្ដ Hammer មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។
ក្នុងហេតុការណ៍នេះ បណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក រថយន្ដបង្កបានបើកគេចខ្លួនបាត់ស្រមោល។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ ។
បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ។
ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ៕