កម្ពុជា នឹងលែងឱ្យមានការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របនៃគ្រឿងស្រវឹងនិងភេសជ្ជៈទៀតហើយ!

(ភ្នំពេញ)៖ ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ នឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ..!។
ព្រោះថា នឹងមានការរៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប។
-នេះបើយោងតាម.ស.ជ.ណ.របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២២.០៤.២០២៥។

ក្នុងលិខិតនោះ បានជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កម្មវត្ថុ៖ ករណីសំណើសុំរាជរដ្ឋាភិបាលមេត្តាចាត់វិធានការ លើការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈ គម្របដបនិងក្រវិលកំប៉ុង ក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹង។

យោង៖ លិខិតរបស់ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុនភេសជ្ជៈនិងគ្រឿងស្រវឹងចំនួន៤ និងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរនិងស្រា ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លិខិតលេខ២៧៧ ខន/០២៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ របស់ខុទ្ទកាល័យសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម លោកជំទាវមេត្តាជ្រាបថា រាជរដ្ឋាភិបាលបានឃើញនិងឯកភាពជាគោលការណ៍ដូចខាងក្រោម៖

១-ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផល គ្រឿងស្រវឹងនិងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះ អាចត្រៀមខ្លួនជាមុន។

២-រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវមេត្តាជ្រាប និងចាត់ចែងអនុវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version