(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថបុរាណ និងឱសថ គ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
-នេះបើយោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
ក្នុងលិខិតនោះ បានជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់
កម្មវត្ថុ៖ស្នើសុំចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថ គ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
យោង ៖លិខិតលេខ១៣៥ អបស ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកទេស សុខាភិបាលនៃក្រសួងសុខាភិបាល។
តបតាមកម្មវត្ថុ និងយោងខាងលើ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជ្រាបថា កន្លងមកនេះ មានការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។
ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផល អវិជ្ជមាននៃការប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មាន ស្នើសុំ ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការ និងអនុវត្តដូចខាងក្រោម៖
១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងលុបមាតិកាដែលបាន ផ្សព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការ អនុញ្ញាតពីក្រសួងសុខាភិបាល។
២- រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជីការ និង មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥
ក្នុងលិខិតនោះបានជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាត់ចែងអនុវត្តការងារតាមស្មារតី លិខិតនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕