(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ហេតុផលសំខាន់ៗជាច្រើន ដែលកម្ពុជានៅតែបន្ដពង្រីកការវិនិយោគនៅទូទាំងប្រទេស ស្របពេលដែលពិភពលោកជិតមានសង្រ្គាមពាណិជ្ជកម្ម។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករនិយោជិក កំពង់ផែស្វយ័ត ក្រុងកំពង់សោមខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី គូសបញ្ជាក់ថា វដ្ដនៃសេដ្ឋកិច្ចគឺមានការឡើងចុះ ប៉ុន្ដែប្រសិនបើមើលរយៈពេលវែងគឺតែងតែមានការកើនឡើងជានិច្ច។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្ដាច់បិទច្រកនៃការធ្វើពាណិជ្ជកម្មនោះទេ រាប់ពាន់ឆ្នាំមកហើយ ហើយរាប់ពាន់ឆ្នាំទៅមុខទៀតក៏នៅតែមានការធ្វើពាណិជ្ជកម្មដែរ។
សម្ដេចធិបតី បានបន្ដថា គ្មានប្រទេសណាមួយអាចរស់ដោយខ្លួនឯង ដាំដុះ និងផលិតដោយខ្លួនឯងគ្រប់មុខនោះទេ។ អ៊ីចឹងពឹងផ្អែកលើការផលិតខ្លះរបស់យើងលក់ទៅឱ្យគេ និងការផលិតខ្លះរបស់គេលក់មកឱ្យយើងវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងពិភពលោកដូចគ្នា បើគ្មានការកាត់ផ្ដាច់ពិភពលោកទេ នោះទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែរីក ព្រោះមនុស្សកាន់តែកើន ទំហំនៃតម្រូវការកាន់តែច្រើន អ៊ីចឹងទំហំនៃទំនិញ ទាំងបរិមាណ និងតម្រូវការកាន់តែច្រើន៕