Update៖ រដ្ឋមន្ត្រីអាមេរិក ព្រមានអ៊ីរ៉ង់ថានឹងត្រូវប្រឈមមុខនឹងផលវិបាកចំពោះការគាំទ្រដល់ក្រុមហ៊ូទី!

កាលពីថ្ងៃពុធ(ទី៣០ ខែមេសា) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានថាអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាក សម្រាប់ការគាំទ្រដល់ក្រុមហ៊ូទី បើទោះជាអាមេរិកកំពុងបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងតេហេរ៉ង់ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដោយ។

ប្រភពពីសារព័ត៌មាន Reuters។

អាមេរិកនិងអ៊ីរ៉ង់ មកទល់នឹងពេលនេះបានរៀបចំកិច្ចចរចាដោយប្រយោលចំនួន៣ជុំរួចមកហើយ ដោយមានការសម្របសម្រួលពីប្រទេសអូម៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដែលនឹង រារាំងមិនឱ្យអ៊ីរ៉ង់ផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។
យ៉ាងណាមិញ ភាគីទាំង២នឹងត្រូវជួបចរចាគ្នាសាជាថ្មីនៅក្នុងទីក្រុងរ៉ូម នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ក្នុងការបង្ហោះមួយ លើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានគូសបញ្ជាក់ថាជាសារទៅកាន់អ៊ីរ៉ង់ យើងកំពុងឃើញការផ្ដល់ជំនួយជាអាវុធរបស់អ្នកទៅឱ្យក្រុមហ៊ូទី។ យើងបានដឹងយ៉ាងច្បាស់ពីអ្វីដែលអ្នកកំពុងធ្វើ។ អ្នកក៏បានដឹងច្បាស់ហើយដែរពីសមត្ថភាពរបស់យោធាអាមេរិកដូច្នេះអ្នកនឹងត្រូវប្រឈមមុខនឹងផលវិបាក ក្នុងពេលវេលា និងទីកន្លែងដែលយើងជាអ្នកជ្រើសរើស។

គួរបញ្ជាក់ថា អាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅជាង ១០០០របស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ ចាប់ផ្ដើម ការវាយប្រហារតាមផ្លូវអាកាសឡើងវិញកាលពីខែមីនាមក។ ប៉ុន្តែ ជារឿយៗ មេដឹកនាំអ៉ីរ៉ង់បានអះអាងក្រុមហ៊ូទីធ្វើសកម្មភាពដោយឯករាជ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version