ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនល្បឿន នៃការរៀបចំសង្រ្គាម។
ដើម្បីឆ្លើយតបទៅនឹង ការប្រឈមមុខដាក់គ្នា “ដែលមិនធ្លាប់មានពីមុនមក” ពីសហរដ្ឋអាមេរិក។
ការអំពាវនាវរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅឯកិច្ចប្រជុំចុងឆ្នាំរបស់គណបក្សពលករកូរ៉េ ។
ដែលកំពុងប្រព្រឹត្តទៅ និងជាទីដែលលោកត្រូវបានគេរំពឹងថាអាច នឹងប្រកាសដាក់ចេញគោលនយោបាយគន្លឹះសម្រាប់ឆ្នាំ២០២៤។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅអំឡុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បានស្នើឱ្យគណបក្សកាន់អំណាចតែមួយគត់របស់លោក នៅកូរ៉េខាងជើង ពន្លឿនការត្រៀមលក្ខណៈសម្រាប់សង្រ្គាម លើគ្រប់វិស័យទាំងអស់ក្នុងនោះរួមមាន អាវុធនុយក្លេអ៊ែរ និងការការពារប្រជាជន។
លោក គីម ក៏បានសង្កត់ធ្ងន់ដែរថាស្ថានការណ៍យោធានៅលើឧបទ្វីបកូរ៉េ កំពុងស្ថិតក្នុងសភាពកាន់តែយ៉ាប់យ៉ឺន ដោយសារតែសកម្មភាពអរិភាពមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន បានព្រមានថាទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើសត្រូវ រករឿងមុនដោយប្រើអាវុធនុយក្លេអ៊ែរ។
ការព្រមាននេះកើតមានឡើង ក្រោយសហរដ្ឋអាមេរិកបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ។
ព្រមទាំងការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់ទីក្រុងវ៉ាស៊ីនតោន ចូលរួមក្នុងសមយុទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុន៕