ប្រទេសរុស្ស៊ី នឹងផ្ដល់ជំនួយដល់អាជ្ញាធរតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងសាខាក្នុងស្រុករបស់ក្រុមរដ្ឋឥស្លាម (ISIS-K)។ នេះបើតាមការថ្លែងរបស់តំណាងពិសេសរបស់រុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន។
ប្រភពពីសារព័ត៌មានRIA កាលពីថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។
លោក Zamir Kabulov អតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងកាប៊ុល បានហៅក្រុម ISIS-K ថាជាសត្រូវរួមរបស់ទីក្រុងមូស្គូ និងកាប៊ុល។ លោកបានប្រាប់ RIA ថាយើងឃើញ និងពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងដែលក្រុមតាលីបង់កំពុងធ្វើ ក្នុងការប្រយុទ្ធនឹង ISIS-Kយើងនឹងផ្តល់ជំនួយដ៏ល្អបំផុតរបស់យើងដល់អាជ្ញាធរអាហ្វហ្គានីស្ថាន តាមរយៈរចនាសម្ព័ន្ធឯកទេស»។ ការផ្ដល់ជំនួយនេះ ធ្វើឡើងក្រោយពេលរុស្ស៊ីបានដកក្រុមតាលីបង់ចេញពីបញ្ជីភេរវករកាលពីខែមុន។
ចំណាត់ការនេះ ធ្វើឡើងខណៈរុស្ស៊ីកំពុងប្រឈមនឹងការគំរាមកំហែងពីក្រុម ISIS បន្ទាប់ពីមានការវាយប្រហារនៅសាលប្រគុំតន្ត្រីក្បែរក្រុងមូស្គូកាលពីខែមីនា ឆ្នាំ២០២៤ ដែលសម្លាប់មនុស្ស ១៤៥នាក់ ហើយដែលសហរដ្ឋអាមេរិកជឿជាក់ថា ជាស្នាដៃរបស់ក្រុម ISIS-K។ ក្រុមតាលីបង់អះអាងថា ខ្លួនកំពុងធ្វើការកម្ចាត់ក្រុមនេះចេញពីអាហ្វហ្គានីស្ថាន៕