អ្នកសារព័ត៌មានត្រូវប្រកាន់នូវ សុក្រឹត្យភាព សុចរិតភាព និងទំនួលខុសត្រូវខ្ពស់!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់និងអនុវត្តជាប្រចាំនូវក្រមសីលធម៌ចំនួន៣ រួមមាន៖ សុក្រឹត្យភាព សុចរិតភាព និងទំនួលខុសត្រូវ។

សម្ដេចបវរធិបតី ការផ្សព្វផ្សាយព័ត៌មានដែលមានសុក្រឹត្យភាព ត្រូវប្រាសចាកព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលអាចបង្កការយល់ច្រឡំដល់ប្រជាពលរដ្ឋ ផ្ទុយមកវិញត្រូវផ្សព្វផ្សាយនូវអ្វីដែលជាការ ពិតដើម្បីធ្វើជាស្ពានចម្លងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយទាន់ពេលវេលា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ក៏ត្រូវមានសុចរិតភាព ពោល គឺផ្សព្វផ្សាយនូវអ្វីដែលត្រឹមត្រូវដោយគ្មានការមួលបង្កាច់បង្ខូចកិត្តិយសអ្នកដទៃ ជាពិសេសអ្នក សារព័ត៌មានមិនត្រូវយកអាជីពរបស់ខ្លួនទៅប្រព្រឹត្តអំពើគំរាមកំហែងទារប្រាក់ដើម្បីផលប្រយោជន៍ ខ្លួនឯងនោះឡើយ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ក៏ត្រូវមានទំនួលខុសត្រូវខ្ពស់ពោលគឺទំនួលខុសត្រូវចំពោះសង្គមជាតិ និងទំនួលខុសត្រូវចំពោះអ្នកទទួលព័ត៌មាន ហើយក្នុងករណីដែលផ្សាយមានកំហុសដោយប្រការណាមួយ ត្រូវសុំទោសនិងកែតម្រូវ ដោយធានាបាននូវយុត្តិធម៌សម្រាប់អ្នកទទួលព័ត៌មានផង និងយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version