(ព្រៃវែង)៖ បន្ទាប់ពីលើកពេលចំនួន២ដងហើយនោះ! នៅរសៀលទី០៥.០៥.២០២៥ សាលាដំបូងខេត្តព្រៃវែង នឹងបើកសវនាការជម្រះក្ដីពាក់ព័ន្ធសំណុំរឿង(ឆបោកប្រាក់)ចេញសែកស្អុយចំនួន៨.៥០០ដុល្លារ។
-ក្នុងរឿងនេះជនត្រូវចោទឈ្មោះ ភួង ហុន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
-រីឯដើមបណ្ដឹងរដ្ឋប្បវេណីគឺលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»។
សូមជម្រាបថា កាលពីថ្ងៃទី២២.០៧.២០២៤ លោក ឃេល កក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ភួង ហុន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ«មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»(ចេញសែកស្អុយចំនួន៨.៥០០ដុល្លារ) ដែលបានប្រព្រឹត្ត នៅភូមិទួលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។
លុះដល់ថ្ងៃទី២០.១០.២០២៤ ស្រាប់តែសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចដោះលែងជនត្រូវចោទឈ្មោះ ភួង ហុន ឱ្យនៅក្រៅឃុំ ទាំងដែលដើមបណ្ដឹង ពុំទាន់ទទួលបានយុត្តិធម៌និងសំណងសូម្បី១រៀលលុយខ្មែរ..!!។
ក្រោយដោះលែងនៅក្រៅឃុំ សំណុំរឿងលេខ៥៤៧ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក៏ត្រូវបានបញ្ជូនមកជម្រះ..!។
ប៉ុន្តែបានលើកពេល ចំនួន២ដងមកហើយ ដោយសារអវត្តមានជនត្រូវចោទ។
ក្នុងនោះ ចៅក្រមបានសម្រេចលើកពេលមកបើកសវនាការ នៅរសៀលទី០៥.០៥.២០២៥។
ក្នុងនាមជាដើមបណ្ដឹងលោក ចាន់ ថន បញ្ជាក់ថា ជនត្រូវចោទឈ្មោះ ភួង ហុន បានជំពាក់ប្រាក់ខ្លួន សរុបចំនួន៨.៥០០$(ប្រាំបីពាន់ប្រាំរយដុល្លារ)។
ដោយឈ្មោះ ភួង ហុន បានធានាសង ប្រាក់មកឱ្យរូបលោកវិញ គ្រប់ចំនួន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
ដោយការសងប្រាក់នោះ គឺតាមរយៈការចេញមូលប្បទានប័ត្រ របស់ធនាគារលីហួរ លេខ ០៨៣៨៦២ ចំនួន៨.៥០០$(ប្រាំបីពាន់ប្រាំរយដុល្លារ)។
លុះដល់ថ្ងៃកំណត់ រូបលោក បានយកសន្លឹកមូលប្បទានប័ត្រ លេខ ០៨៣៨៦២ ទៅបើកប្រាក់ ស្រាប់តែខាងធនាគារ បញ្ជាក់ត្រឡប់មកវិញថា សន្លឹកមូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់នោះទេជា(សែកស្អុយ)។
ទន្ទឹមនិងនោះលោក ចាន់ ថន ក៏បានព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ឈ្មោះ ភួង ហុន ជាច្រើនលើកច្រើនសារ ដើម្បីឱ្យមកដោះស្រាយគ្នា នឹងទូទាត់បំណុល។
ប៉ុន្តែឈ្មោះ ភួង ហុន បានគេចវេះរហូតនឹងគ្មានការទទួលខុសត្រូវ ទើបលោក ចាន់ ថន សម្រេចប្ដឹងចាត់ការតាមនីតិវិធីតែម្ដងទៅ។
-លោក ចាន់ ថន បានចាត់ទុកថា ទង្វើរបស់ឈ្មោះ ភួង ហុន ជាចេតនាទុច្ចរិត មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់)ធ្វើឱ្យរូបលោក ខាតបង់ប្រាក់ និងពេលវេលា ប៉ះពាល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ!។
ក្នុងនោះលោក ចាន់ ថន ស្នើសុំឱ្យតុលាការផ្ដន្ទាទោសជនត្រូវចោទឈ្មោះ ភួង ហុន ឱ្យបានធ្ងន់ធ្ងរបំផុត! និងសុំទាមទារសំណងជំងឺចិត្ត ចំនួន១៥.០០០$(មួយម៉ឺនប្រាំពាន់ដុល្លារ)៕