(ព្រៃវែង)៖ ករណីស្លាប់អ្នកជំងឺតាមផ្លូវ.ក្រោយបញ្ជូនចេញពី”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ដែលមានទីតាំងនៅខាងកើតរង្វង់មូលស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចូលមកមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង រួចបន្តបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ តែបានស្លាប់ពាក់កណ្ដាលផ្លូវនោះ.!។
ឥឡូវ កូនរបស់សពរងគ្រោះបញ្ជាក់ថាៈ ឪពុកខ្លួន ពេលបញ្ជូនចេញពីគ្លីនិក ខៀង សុគន្ធា ដល់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងដំបូង!។
គឺអាចនិយាយបាន ប៉ុន្តែគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង បែរជាដាក់អុកស៊ីសែន ដែលពុំមានខ្យល់ ឱ្យឪពុកខ្លួនដកដង្ហើមទៅវិញ រហូតបញ្ជូនមកស្លាប់តាមផ្លូវ។នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ”ប៊ុនថា ស្វាយអន្ទរ”ដែលត្រូវជាកូនប្រសារនៃសពបញ្ជាក់ក្នុង commenes នៅល្ងាចទី២៨.១២.២០២៣!។
គណនី ប៊ុនថា ស្វាយអន្ទរ បានលើកឡើងយ៉ាងដូច្នេះថា«គាត់ទៅដល់ពេទ្យខេត្ត គាត់និយាយបាន តែពេទ្យដាក់ខ្យល់អុកស៊ីសែន អត់មានខ្យល់ដកដង្ហើម ពេលនោះពុកគាត់ហត់ដកដង្ហើមរួច»។
សូមជម្រាបថា អ្នកជំងឺដែលស្លាប់ឈ្មោះ ជិន សុផាត ភេទប្រុសអាយុ៦១ឆ្នាំ នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
អ្នកជំងឺរូបនេះ បានដាច់ខ្យល់ស្លាប់តាមផ្លូវនៅម្ដុំឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥.១២.២០២៣ ខណៈពេលកំពុងបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ។
ក្រោយឃើញកូនជនរងគ្រោះចោទប្រកាន់ បែបនេះ នៅព្រលប់ទី២៨.១២.២០២៣ លោកស្រីវេជ្ជបណ្ឌិត សូរ សុបញ្ញាវតី ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
បានថ្លែងប្រាប់«ដើមរាំង»ថា រាល់ធុងអុកស៊ីសែន ដែលដាក់សម្រាប់ជំនួយដង្ហើមដល់អ្នកកជំងឺ គឺសុទ្ធតែមានខ្យល់ទាំងអស់! ព្រោះមុនដាក់ឱ្យអ្នកជំងឺ គឺមានខាងបច្ចេកទេស ពិនិត្យត្រឹមត្រូវ។
-ចំពោះសំនួរថា តើអ្នកជំងឺឈ្មោះ ជិន សុផាត ពេលចូលមន្ទីរពេទ្យបង្អែកដំបូងគាត់ធ្ងន់ឬស្រាល ក្នុងសភាពបែបណា..?។
-ត្រង់ចំណុចនេះលោកស្រីប្រធានមន្ទីរពេទ្យបង្អែក បញ្ជាក់ថា គាត់មកដល់ ក្នុងសភាពឡេះឡះ ធ្ងន់ត្រដរខ្យល់។
អញ្ចឹងការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត សូរ សុបញ្ញាវតី គឺផ្ទុយពីការលើកឡើង របស់តំណាងគ្លីនិក ខៀង សុគន្ធា ដែលថាៈ អ្នកជំងឺឈ្មោះ ជិន សុផាត ពេលចេញពីគ្លីនិកខ្លួន ក្នុងសភាពធូរស្បើយពីជំងឺ ហើយទើបនឹងធ្ងន់ធ្ងរនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ជុំវិញការស្លាប់អ្នកជំងឺតាមផ្លូវនេះដែរ ក្រុមគ្រួសារសពបានបញ្ជាក់ប្រាប់«ដើមរាំង»ថា ដំបូងឡើយ ជនរងគ្រោះឈ្មោះ ជិន សុផាត គ្រាន់តែមានអាការៈ មិនស្រួលខ្លួនធម្មតាប៉ុណ្ណោះ។
ដោយជំងឺបេះដូងត្បៀត និងលើសឈាម ប៉ុន្តែរូបគាត់អាចដើរបាន ជិៈម៉ូតូឬធ្វើការងារបានជាធម្មតា ក្នុងស្ថានភាពថប់តិចៗ។
លុះដល់ថ្ងៃទី២៣.១២.២០២៣ រូបគាត់ បានចូលសំរាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ត្រង់ចំណុចខាងកើតរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងនោះ គ្រូពេទ្យបានឱ្យសំរាកនៅក្នុងគ្លីនិក ដើម្បីពិនិត្យវិនិច្ឆ័យរោគ និងវ៉ៃថ្នាំ បញ្ចុះឈាមជាបន្តបន្ទាប់ ជាហេតុនាំឱ្យអ្នកជំងឺ ចុះខ្សោយគ្មានកម្លាំង ក្លេតតែម្ដងសឹងតែត្រដរខ្យល់.!។
បើតាមគ្រួសាររងគ្រោះ ខណៈពេលកំពុងព្យាបាលនៅគ្លីនិក ខៀង សុគន្ធា គឺអាការៈរបស់អ្នកជំងឺម្ដងតឹងម្ដងធូរ។
ក្រោយទទួលការព្យាបាល រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥.១២.២០២៣ អាការៈអ្នកជំងឺឈ្មោះ ជិន សុផាត បានប្រែក្លាយទៅជាធ្ងន់ធ្ងរធ្វើទុក្ខខ្លាំង កាន់តែក្លេតទៅៗនិងត្រដរខ្យល់ គ្មានសង្ឃឹមថារស់..!។
ដោយមើលទៅមិនស្រួល ណាខ្លាចអ្នកជំងឺស្លាប់ក្នុងគ្លីនិកមានបញ្ហាដល់ខ្លួន គ្រូពេទ្យ នៅគ្លីនិក ខៀង សុគន្ធា បានទាមទារឱ្យបញ្ជូនអ្នកជំងឺឈ្មោះ ជិន សុផាត ចេញពី”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”យ៉ាងតក់ក្រហល់!។
ប្រភពដដែលបន្តថា បន្ទាប់ពីគ្រូពេទ្យ ស្នើបញ្ជូនចេញពីគ្លីនិកបែបនេះ នៅព្រលប់ទី២៥.១២.២០២៣។
អ្នកជំងឺត្រូវបានដឹកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ពេលមកដល់គ្រូពេទ្យនៅទីនោះ ប្រាប់ថា អ្នកជំងឺធ្ងន់ហើយគ្មានសង្ឃឹមទេ។
ទោះយ៉ាងណាគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង បានពិនិត្យនិងជួយសង្គ្រោះបឋម ប៉ុន្តែពុំបានព្យាបាលនោះឡើយ ដោយគ្រូពេទ្យសម្រេច ឱ្យបញ្ជូនបន្តទៅភ្នំពេញភ្លាមៗតែម្ដង ។
លុះបញ្ជូនដល់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោង១១យប់ថ្ងៃដដែល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ រួចក៏ដឹកសព មកផ្ទះវិញដើម្បីធ្វើបុណ្យ។
ករណីនេះតំណាង”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”បានថ្លែងប្រាប់«ដើមរាំង»ថា ខ្លួនបានសួរទាក់ទងទៅគ្រួសារសពដែរ គឺពេលបញ្ជូនចេញពីគ្លីនិកខ្លួន អាការៈរបស់អ្នកជំងឺមិនធ្ងន់នោះទេ។
លុះដល់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ស្រាប់តែអាការៈ របស់គាត់ វិវត្តទៅជាធ្ងន់ធ្ងរតែម្ដង។
តំណាងគ្លីនិក ខៀង សុគន្ធា អះអាងទៀតថា ខ្លួនបានព្យាបាលអ្នកជំងឺ តាំងពីអាការៈធ្ងន់រហូតស្រាល ដោយរោគវិនិច្ឆ័យ”សួតនិងបេះដូង”ហើយពេលបញ្ជូនចេញពីគ្លីនិកខ្លួន។
គឺអាការៈអ្នកជំងឺឈ្មោះ ជិន សុផាត បានធូស្បើយ ជាក់ស្ដែង ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង អ្នកជំងឺអាចអង្គុយបាន ឈរនិងដើរបាន ធម្មតា មិនមែនដេកដួលនោះឡើយ។
តំណាងគ្លីនិក ខៀង សុគន្ធា បញ្ជាក់ទៀតថា ដំបូងរូបលោក មិនចង់ព្យាបាលឱ្យផង ប៉ុន្តែក្រុមគ្រួសារសព ស្នើឱ្យព្យាបាលនិងផ្ដិតមេដៃ ទើបគ្លីនិកខ្លួនព្រមទទួលព្យាបាល។
-ទោះយ៉ាងណាក្ដី តំណាងគ្លីនិក ខៀង សុគន្ធា បានពន្លយពាក្យថា ខាងគ្រួសាររងគ្រោះមិនចង់ឱ្យបញ្ជូនអ្នកជំងឺចេញពីគ្លីនិករបស់លោកទេ ប៉ុន្តែលោកមើលទៅមិនស្រួល មិនហ៊ានទុកព្យាបាល ទើបរូបលោកទាមទារឱ្យបញ្ជូនចេញ។រីឯលោក ហេង ទ្រី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយអន្ទរ បានថ្លែងប្រាប់«ដើមរាំង»ថា រូបលោកពុំបានដឹងទេ រឿងស្លាប់អ្នកជំងឺខាងលើ ចាំមើលលោកសួរនាំសិន!។ចំណែកលោក ញឹក ឌឹមនរ៉ា អនុប្រធានមន្ទីរសុខាភិបាលព្រៃវែង ទទួលបន្ទុកសេវាឯកជន ក៏បានថ្លែងស្រដៀងគ្នា និងលោក ហេង ទ្រី ដែរថា លោកពុំទាន់ដឹងទេចំពោះករណីមួយនេះ។
ចំពោះការលើកឡើងផ្ទុយគ្នា រវាងក្រុមគ្រួសារសព និងម្ចាស់គ្លីនិក ខៀង សុគន្ធា ក៏ដូចជាប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នេះដែរ«ដើមរាំង»មិនធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យនោះឡើយ ថាការស្លាប់អ្នកជំងឺខាងលើ មកពីកំហុសបច្ចេកទេសពេទ្យ ឬមកពីជំងឺវិវត្តលឿន ឬមកពីដាក់អុកស៊ីសែន ដែលគ្មានខ្យល់…!។
ខណៈនៅមុនចូលព្យាបាលនៅគ្លីនិក ខៀង សុគន្ធា ជនរងគ្រោះមានអាការៈមិនធ្ងន់ធ្ងរឡើយ!។
ជុំវិញរឿងរ៉ាវមួយនេះ ក្រោយអ្នកជំងឺឈ្មោះ ជិន សុផាត ស្លាប់ ម្ចាស់គ្លីនិក ខៀង សុគន្ធា រក្សាភាពស្ងៀមស្ងាត់ពុំបានចុះសួរសុខទុក្ខ ក្រុមគ្រួសារសពនោះទេ..!។
ពោលគឺទាល់តែ«ដើមរាំង»ខលសម្ភាសន៍ម្ចាស់គ្លីនិក រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ! ទើបគេឃើញតំណាងគ្លីនិក ខៀង សុគន្ធា យកប្រាក់ទៅជូនភិរិយាសពចំនួន៤០ម៉ឺនរៀល ជូនកូនសពដែលកំពុងពិការភាពចំនួន១៥ម៉ឺនរៀល និងឱ្យក្មេងៗត្រូវជាចៅរបស់សព ចំនួន២នាក់ ដោយក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល សរុប៦៥ម៉ឺនរៀល!។
ក្នុងនោះគ្រួសារសព ក៏បានផ្ដិតមេដៃអរគុណគ្រូពេទ្យ ដើម្បីឱ្យម្ចាស់គ្លីនិក ខៀង សុគន្ធា យកមកធ្វើជាមូលដ្ឋាននិងអះអាងថា គ្រួសាររងគ្រោះមិនប្ដឹងគ្រូពេទ្យនោះទេ ហើយថែមទាំង អរគុណគ្រូពេទ្យទៀតផង៕