(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានប្រព្រឹត្តកំហុសល្មើសវិន័យ ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីដកហូតមុខតំណែង ឱ្យមកជាមន្ត្រីធម្មតា។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨.០៥.២០២៥។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ១៖ លោកវរសេនីយ៍ទោ សាន សាធុកា អត្តលេខ ៣១៧២២ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះប្រជុំដើម្បីបំភ្លឺ ជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម។
សាមីខ្លួន បានបញ្ជាក់ថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់ គឺជាថ្លៃសេវាដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញ ពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។
លោកវរសេនីយ៍ទោ សាន សាធុកា បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទី ជាមន្ត្រីនគរបាលជាតិ ដើម្បីកេងយកប្រយោជន៍ឯកជន ដោយសំអាងលើក្រុមហ៊ុនមេធាវី បម្រើសេវាសាធារណៈ ដែលជាក្រុមហ៊ុនរបស់ប្អូន។
ទី២៖ ដោយពិនិត្យឃើញថា លោកវរសនីយ៍ទោ សាន សាធុកា បានប្រព្រឹត្តខុសបទវិន័យរបស់នគរបាលជាតិ ដោយឆ្លៀតប្រើប្រាស់តួនាទីដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតមុខតំណែងពីអនុប្រធាននាយកដ្ឋាន ឲ្យមកជាមន្ត្រីនគរបាលជាតិ។
បច្ចុប្បន្នមន្ត្រីរូបនេះ ក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណ និងរង់ចាំទទួលនូវរាល់ព័ត៌មានពីគ្រប់ប្រភពដែលរិះគន់ក្នុងន័យស្ថាបនា និងការពារកិត្តិយសរបស់សា្ថប័ននគរបាលជាតិ៕