កម្ពុជា ប្ដេជ្ញាលុបបំបាត់ការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍!

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍។
បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Pollution។
នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យបន្លឺព្រះរាជឱវាទ និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត ស្តីពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ដើម្បីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាឫសគល់នៃវប្បធម៌ខ្មែរតាំងពីបុរាណ។

ការរស់នៅដោយមានការគោរពចំពោះធម្មជាតិ មិនបំផ្លាញធម្មជាតិ និងប្រើប្រាស់ធនធានប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តដល់កូនចៅជំនាន់ក្រោយ។

ព្រះអង្គទ្រង់បានរំឭកពីព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានផ្តួចផ្តើមបង្កើតតំបន់ការពារធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយមីក្រូប្លាស្ទិក និងណាណូប្លាស្ទិក ដែលសំយោគចេញពីសំណល់ប្លាស្ទិកដោយការដុតប្លាស្ទិកក្រោមកម្តៅតិចជាង ១០០អង្សារសេ និងការទុកដាក់សំរាម សំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ។
ហើយដើម្បីធានាឱ្យបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឆ្លើយតបនឹងភាពស្អាតលើអាកាស ក្រសួងបរិស្ថានបានបំពាក់ស្ថានីយ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន ៥៦ កន្លែងទូទាំងប្រទេស។
ចំពោះភាពស្អាតលើដីវិញ គឺមានយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ! បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកដល់ទៅ ៨៨%។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានកំពុងសិក្សាប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦ កន្លែង ឱ្យក្លាយជាទីលានទុកដាក់មានសុវត្ថិភាព។

ចំណែក ភាពស្អាតក្នុងទឹក ក្រសួងបរិស្ថានក៏បានធ្វើសកម្មភាពជាចម្បងការកាត់បន្ថយការបំពុលទឹក ជាពិសេសនៅបឹងទន្លេសាប និងទន្លេមេគង្គ ព្រមទាំងជំរុញឱ្យរោងចក្រមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

លើសពីភាពស្អាត ភាពបៃតង ក៏ជាកត្តាចាំបាច់ជួយឱ្យកម្ពុជាបានចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកលឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការប្តេជ្ញាចិត្តទប់ស្កាត់ការកើនឡើងកម្តៅផែនដី ១.៥អង្សារសេ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់សមស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ដោយក្រសួងបរិស្ថានបានរៀបចំឱ្យមានថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីផលិតកូនឈើចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងន័យបង្កើនគម្របព្រៃឈើ និងឆ្ពោះទៅ អព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៥០។
ដោយមានយុទ្ធនាការ ពន្លកបៃតង នឹងចែកកូនឈើជាង ៣ លានដើម រួមជាមួយយុទ្ធនាការ ដាំដើមត្នោត ១ លានដើម ជារៀងរាល់ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version