(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអះអាងថា ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ។
ខណៈកម្លាំងយោធាថៃ បានសម្រេចបិទច្រករបៀងជាមួយកម្ពុជា ដោយឯកតោភាគី ដែលមានទីតាំងក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី សម្រាប់ច្រកទ្វារអន្ដរជាតិ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិស្ទឹងបត់, ច្រកទ្វារតំបន់ គឺច្រកបឹងត្រកួន និងច្រកទ្វារម៉ាឡៃ បន្ដបើកដំណើរការធម្មតា។
ប៉ុន្ដែខុសប្លែកនៅត្រង់ច្រកទ្វារម៉ាឡៃបន្ដិច ដោយសារអនុញ្ញាតឲ្យតែមនុស្សចេញចូលប៉ុណ្ណោះ សម្រាប់រទេះ និងរថយន្ដ ត្រូវផ្អាកបណ្ដោះអាសន្ន។
ក្រៅពីការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ តាមរយៈលិខិតទៅកាន់ក្រសួងការបរទេស ។
ដោយអះអាងដែរថា យោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។
លោកបានបន្ថែមទៀតថា ការបិទបណ្ដោះអាសន្ននេះ បន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចារ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឲ្យភាគីថៃ ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ៕