(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃូ ហាំងមាង អាយុ៤៩ឆ្នាំ ទីកន្លែងកំណើត ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ផ្លូវក្រុម១១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលរូបនេះបានបង្ហោះព័ត៌មានមិនពិត ញុះញង់បញ្ហាព្រំដែនកម្ពុជា-ថៃ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថាពាក់ព័ន្ធការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចជំនាញបានអនុវត្តតាមវិធានការស្រាវជ្រាវស៊ើបអង្កេតលើបទល្មើសជាក់ស្តែង និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុច ភូមិផ្សារលើ ក្រុងសៀមរាប ខេត្តសៀមរាប រួចបន្តបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។
ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hang Meang Khou ប្រព្រឹត្តសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឲ្យសាធារណជនមានការយល់ច្រឡំបង្កឲ្យមានការរើសអើង ប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិត្តិយសថ្នាក់ដឹកនាំ។ ជាងនេះថែមទៀត ជនសង្ស័យតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ជាច្រើន ក្នុងគោលដៅទម្លាក់កំហុសដោយទុច្ចរិតមកលើរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺ សមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ និងធ្វើការច្រានចោលចំពោះក្រុមជ្រុលនិយម និងការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយខុសពីការពិតផ្ទុយពីការអនុវត្តវិធានការច្បាប់ត្រឹមត្រូវ ចំពោះសកម្មភាពជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើសជាក់ស្តែងពិតប្រាកដ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕