Update៖ ចិន អះអាងថាលោក ត្រាំ កំពុងចាក់សាំងលើភ្លើងក្នុងជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល!

កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ចិនបានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាបានចាក់សាំងបន្ថែមទៅលើភ្លើង ជុំវិញការកើនឡើងនៃជម្លោះយ៉ាងក្តៅគគុក រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានព្រមានអ្នករស់នៅក្នុង រដ្ឋធានីរបស់អ៊ីរ៉ង់ឱ្យជម្លៀសខ្លួនចេញពីបន្ទាន់។
ប្រភពពីសារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរអំពីសម្តីរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយដូច្នេះថាការបក់ភ្លើងឱ្យកាន់តែឆេះខ្លាំង ចាក់សាំងបន្ថែមទៅលើភ្លើង ប្រើពាក្យសម្តីគំរាមកំហែង ហើយបង្កើនការដាក់សម្ពាធ នឹងមិនអាចជួយលើកកម្ពស់ការបន្ធូរបន្ថយស្ថានការណ៍មកវិញឡើយ ប៉ុន្តែនឹងមានតែធ្វើឱ្យជម្លោះកាន់តែតានតឹង និងរីករាលដាលកាន់តែធំប៉ុណ្ណោះ។
លោក Guo បានបន្ថែមថាភាគីចិនបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៊ីស្រាអែល អនុវត្តការទទួលខុសត្រូវរបស់ខ្លួន ហើយចាប់យកចំណាត់ការបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងរារាំងកុំឱ្យជម្លោះរីករាលដាលកាន់តែធំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version