Update៖ លោកត្រាំ កំពុងពិចារណាថាតើគួរចូលរួមក្នុងសង្គ្រាមរវាងអ៊ីស្រាអែល -អ៊ីរ៉ង់ដែរឬយ៉ាងណា!

កាលពីថ្ងៃព្រហស្បតិ៍ទី ១៩ មិថុនា សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងសម្រេចចិត្តក្នុងរយៈពេលពីរសប្តាហ៍ខាងមុខថាតើអាមេរិកនឹងចូលរួមក្នុងជម្លោះដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែរឬយ៉ាងណា ខណៈគូជម្លោះអ៊ីស្រាអែល- អ៊ីរ៉ង់បន្តវាយប្រហារដាក់គ្នាឥតឈប់ឈរពោពេញដោយការបំផ្លិចបំផ្លាញនិងការបាត់បង់ជីវិតមនុស្ស។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោក Trump នៅតែថ្លឹងថ្លែងជម្រើស ដោយលើកឡើងពីឱកាសដ៏ច្រើននៃការចរចាជាមួយអ៊ីរ៉ង់។

លោកស្រី Leavitt បានដកស្រង់សម្តីលោក Trump ថា ដោយផ្អែកលើការពិតដែលថាមានឱកាសច្រើននៃការចរចាដែលអាចឬមិនអាចកើតឡើងជាមួយអ៊ីរ៉ង់នាពេលអនាគតដ៏ខ្លីខាងមុខនេះ លោកនឹងធ្វើការសម្រេចចិត្តថាតើត្រូវទៅឬមិនទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ។
លោកស្រី បាននិយាយថាលោក Trump បើកចំហចំពោះការទូត ប៉ុន្តែបានទទូចថា អ៊ីរ៉ង់មិនត្រូវអនុញ្ញាតឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ។
លោកស្រី Leavitt បាននិយាយថា ប្រធានាធិបតីតែងតែចាប់អារម្មណ៍លើដំណោះស្រាយការទូត ។លោកគឺជាអ្នកបង្កើតសន្តិភាព។ដូច្នេះប្រសិនបើមានឱកាសសម្រាប់ការទូត ប្រធានាធិបតីតែងតែចាប់យកឱកាសនោះភ្លាម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version