អាជ្ញាធរជប៉ុនបានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិតបានបន្តកើនដល់៣០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារ ចំតំបន់ភាគកណ្តាល ប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។
បន្ទាប់ពីអគារជាច្រើនបានដួលរលំ បូករួមជាមួយអគ្គិភ័យដែលបង្កឡើងក្រោយគ្រោះរញ្ជួយដី ខេត្ត Ishikawa ដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ បានមើលឃើញ មនុស្សស្លាប់កើនដល់យ៉ាងហោច៣០នាក់។
ទន្ទឹមគ្នានេះ ក៏មានសេចក្តីរាយការណ៍ពីការខូចខាតឬរលំអគារ ព្រមទាំងមនុស្សរងរបួស និងអ្នកជាប់ក្រោមគំនរបាក់បែក នៅតាមខេត្តដទៃទៀតផងដែរ ដូចជា Niigata, Toyama, Fukui និង Gifu។
នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រាប់ថា រដ្ឋាភិបាលបានចាត់កងកម្លាំងស្វ័យការពារ ទៅកាន់កន្លែងរងការប៉ះពាល់ ហើយនឹងបន្តផ្តល់ជំនួយបន្ថែមទៀត។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
គិតចាប់តាំងថ្ងៃចន្ទមក ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។
អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕