ថៃ នៅតែបំពានដោយនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទី។
ដោយមានទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។
តាមរយៈ Facebook ផ្លូវការរបស់កងយោធពលខេមរភូមិន្ទនៃកម្ពុជានៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថាសកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង ៩:០០ព្រឹក និងបិទនៅម៉ោង ៣:០០រសៀល។ កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។
បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។ កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version