កាលថ្ងៃចន្ទ(ទី២៣ខែមិថុនា) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មដែលសំដៅទៅលើព្រះវិហារ St. Elias ក្នុងរដ្ឋធានី Damascus ។
ប្រភពពីសារព័ត៍មានAljazeera។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថាគាត់សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃជនរងគ្រោះ និងសូមជូនពរឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័សចំពោះអ្នករងរបួស” ។
ដោយរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក Guterres ឱ្យទទួលខុសត្រូវចំពោះជនល្មើសនៃអំពើភេរវកម្មទាំងអស់សេចក្តីថ្លែងការណ៍បាននិយាយថាគាត់កត់សម្គាល់ឃើញថា អាជ្ញាធរបណ្តោះអាសន្នស៊ីរីបានថ្កោលទោសការវាយប្រហារនេះ ហើយបន្ទាប់ពីការស៊ើបអង្កេតបឋមបានសន្មតថាវាជារដ្ឋអ៊ីស្លាមនៃអ៊ីរ៉ាក់ និងឡេវ៉ាន (ISIL)” ។
លោក Guterres បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រប្រជាជនស៊ីរីក្នុងការស្វែងរកសន្តិភាព សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌របស់ពួកគេ។
ឧប្បត្តិហេតុនេះ កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរីបានប្រកាសពីការរកឃើញកោសិកា Daesh/ISIS នៅតំបន់ជនបទនៃទីក្រុង Damascus កាលពីថ្ងៃទី 26 ខែឧសភា។ ក្នុងអំឡុងពេលវាយឆ្មក់នោះ អាជ្ញាធរបាននិយាយថាពួកគេបានរឹបអូសអាវុធធុនស្រាល និងមធ្យម។
ចាប់តាំងពីការដួលរលំនៃរបប Bashar al-Assad មក សេវាសន្តិសុខរបស់ប្រទេសស៊ីរីបានបន្តតាមចាប់បុគ្គលដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្ម ការរំលោភសិទ្ធិមនុស្ស និងសកម្មភាពពាក់ព័ន្ធនឹងអំពើភេរវកម្ម។
លោក Al-Assad ដែលជាមេដឹកនាំប្រទេសស៊ីរីអស់រយៈពេលជិត 25 ឆ្នាំបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីក្នុងខែធ្នូ ដោយបញ្ចប់របបរបស់គណបក្ស Baath ដែលកាន់អំណាចតាំងពីឆ្នាំ 1963 ៕