ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់យានយន្តធុនតូច អំឡុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ!

(ក្រចេះ)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរអ្នកទេសចរនៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រចាំឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។

កម្មវិធីនាព្រឹកនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្តក្រចេះ, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.អ.ក, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តក្រចេះ, តំណាងក្រុមហ៊ុនសំណង់សៀងហៃ(SCG), អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច, កម្មករសាងសង់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” តាមរយៈលិខិតលេខ ៩៨៥ សជណ.អស ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីគុណូបការគុណរបស់ “នយោបាយឈ្នះ ឈ្នះ” ដែលបានដាក់ចេញដោយ សម្តេចតេជោ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។ ឯកឧត្តមបានបន្ថែមថា យើងទាំងអស់គ្នាត្រូវចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជាតិតែមួយ សំដៅថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តដឹកនាំកសាង ប្រទេសជាតិមាតុភូមិយើងឱ្យកាន់តែរុងរឿង និងរីកចម្រើនថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។ ឯកឧត្តមបានបន្ថែមថា មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version