Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ជិតមជ្ឈមណ្ឌលសុខភាព ស្លាប់១៦នាក់!

នៅថ្ងៃព្រហស្បតិ៍(ទី១០ខែកក្កដា) អ៊ីស្រាអែល វាយប្រហារតាមអាកាសលើជនជាតិប៉ាឡេស្ទីន នៅជិតមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយក្នុងទីក្រុង Deir al-Balah ភាគកណ្តាលនៃតំបន់ហ្គាហ្សា ស្លាប់១៦នាក់និងជាច្រើននាក់ទៀតរបួស។
ប្រភពពីសារព័ត៌មាន Reuters។

ការវាយប្រហារនេះបានកើតឡើង ខណៈកិច្ចចរចាឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែបន្តដោយគ្មានលទ្ធផលរំពឹងទុក។
អាជ្ញាសុខាភិបាលក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានបញ្ជាក់ថា អ៊ីស្រាអែលបានកំណត់គោលដៅលើមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហើយក្នុងចំណោមអ្នកស្លាប់មានកុមារ ៦នាក់។ ផ្ទុយទៅវិញ យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារលើសកម្មប្រយុទ្ធម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ហើយកំពុងពិនិត្យឡើងវិញចំពោះរបាយការណ៍អ្នករងរបួស។
វីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារ Reuters បានបង្ហាញពីទិដ្ឋភាពដ៏រន្ធត់ ដែលមានសាកសព និងអ្នករងរបួសភាគច្រើនជាស្ត្រី និងកុមារ។ ស្ត្រីម្នាក់បាននិយាយថា កូនស្រីរបស់គាត់ត្រូវបានសម្លាប់ ខណៈកំពុងទៅទទួលការព្យាបាលជំងឺបំពង់កនៅគ្លីនិកនោះ ដោយបានសួរថា «តើពួកគេមានកំហុសអ្វី? ហេតុអ្វីពួកគេសម្លាប់កូនខ្ញុំ?។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសជាបន្តបន្ទាប់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ និងមណ្ឌលសុខភាព។ ទីភ្នាក់ងារមនុស្សធម៌ UN បានកត់ត្រាការវាយប្រហារយ៉ាងតិច ៦៨៦ករណីលើវិស័យសុខាភិបាលនៅហ្គាហ្សា។ ទន្ទឹមគ្នានេះ មន្ទីរពេទ្យដែលនៅសេសសល់ កំពុងប្រឈមនឹងវិបត្តិខ្វះប្រេងឥន្ធនៈ ដែលគំរាមកំហែងដល់អាយុជីវិតទារកទើបនឹងកើតនៅក្នុងទូភ្ញាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version