Breaking៖ ក្រសួងវប្បធម៌កម្ពុជា នឹងវាយតម្លៃ ដើម្បីទារសំណងតាមផ្លូវច្បាប់ ក្រោយថៃ ប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ!

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងធ្វើការវាយតម្លៃយ៉ាងលម្អិត ដើម្បីទារយុត្តិធម៌ និងទាមទារសំណងតាមផ្លូវច្បាប់អន្តរជាតិ។
ក្រោយទាហានឈ្លានពានថៃ បាញ់ប្រហារ និងប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ ។
ខណៈសកម្មភាពឈ្លានពានរបស់ថៃនេះត្រូវបានក្រសួងវប្បធម៌ ចាត់ទុកថា មិនត្រឹមតែ បង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទ ដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ។
-នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ នាល្ងាចថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៥។
ក្រសួងវប្បធម៌ បានបញ្ជាក់ថា នឹងធ្វើការវាយតម្លៃលម្អិត ចងក្រង ឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានាស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណង តាមផ្លូវច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងអង្គការ អន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ។

ទាក់ទងនឹងការឈ្លានពានរបស់ទាហានថៃនេះដែរ ក្រសួងវប្បធម៌កម្ពុជា ក៏បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ។
ដែលបានធ្វើឲ្យប៉ះពាល់ និងបំផ្លិតបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជា មរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

ក្រសួងវប្បធម៌កម្ពុជា ក៏បានលើកឡើងដែរថា ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើ អាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញា អន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ។
ដោយក្នុងនោះមាន អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌។
ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version