កាលពីថ្ងៃអាទិត្យនេះ ចិនបានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ។
ដែលជាការឆ្លើយតបចំពោះការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។
កាលពីខែធ្នូ ឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់សម្ភារទាក់ទងវិស័យការពារជាតិ ទំហំ៣០០លានដុល្លារឱ្យទៅតៃវ៉ាន់ ជាហេតុនាំឱ្យទីក្រុងប៉េកាំងចេញមុខព្រមានចាត់វិធានការវាយបក ប្រឆាំងលើក្រុមហ៊ុនអាមេរិកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ។
សហរដ្ឋអាមេរិកមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីផ្តល់មធ្យោបាយការពារខ្លួនដល់តៃវ៉ាន់ ខណៈចិនបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់នាថ្ងៃណាមួយ។
ជាមួយគ្នានោះ ក្រសួងការបរទេសចិន បានប្រកាសពីឈ្មោះក្រុមហ៊ុនអាមេរិក ដែលខ្លួនសម្រេចដាក់ទណ្ឌកម្ម រួមមានដូចជា BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat និង Data Link Solutions។
ចំណាត់ការទណ្ឌកម្មរបស់ទីក្រុងប៉េកាំង រួមមានការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនទាំងនោះ ដែលមាននៅក្នុងទឹកដីចិន ទាំងចលនទ្រព្យនិងអចលនាទ្រព្យ ការហាមឃាត់ស្ថាប័ននិងបុគ្គលនៅក្នុងប្រទេសចិន មិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុឬកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនទាំងនោះ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំងលើតៃវ៉ាន់ ចាប់តាំងពីលោកស្រី Tsai Ing-wen បានឡើងជាមេដឹកនាំដែនកោះនេះ កាលពីឆ្នាំ២០១៦។
ទាំងចិននិងសហរដ្ឋអាមេរិក សុទ្ធតែកំពុងរង់ចាំមើល ការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មី ដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍ក្រោយ ខណៈបេក្ខជនរបស់បក្សលោកស្រី គឺមេដឹកនាំរងបច្ចុប្បន្ន លោក Lai Ching-te កំពុងមានសំឡេងប្រជាប្រិយភាពនាំមុខគេ៕