(ភ្នំពេញ)៖ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បានបង្ហាញសារ នៅលើបណ្តាញសង្គម ដោយអរគុណចំពោះ រដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយផលិតកែវភ្នែកសប្បនិមិត្តចំនួន៥គ្រាប់ទៀត ជូនសម្តេច ដើម្បីប្រើប្រាស់ រយៈពេល១០ឆ្នាំខាងមុខ។
រដ្ឋាភិបាលជប៉ុន ធ្លាប់បានផលិតកែវភ្នែកសិប្បនិមិត្តជូនសម្តេច រយៈពេល៣៤ឆ្នាំ មកហើយ ដោយផលិតផលកែវភ្នែកជប៉ុននេះ ពុំបង្កឱ្យសម្តេចឈឺភ្នែក ឬឈឺក្បាលនោះឡើយ។
តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូច្នេះថា៖ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាល។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយៈពេល ១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។
សម្តេចបន្តទៀតថា នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែកខ្ញុំរយះពេល៣៤ឆ្នាំកន្លងមក។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ មេ សា ឆ្នាំ១៩៧៥ ១ថ្ងៃមុនពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេលនេះមានរយៈពេល៤៩ឆ្នាំមកហើយ៕