អាជ្ញាធរថៃ នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា បានឱ្យដឹងថាសាលារៀនចំនួន២៥ ក្នុងខេត្ត Samut Prakan ត្រូវបានបង្គាប់ឱ្យបិទទ្វារបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង ហក់ឡើងខ្ពស់ជាង ៣០សង់ទីម៉ែត្រនៅតាមតំបន់មួយចំនួន។
ប្រភពពីសារព័ត៌មានThe Nationthailand។
ថ្នាក់គ្រប់គ្រងសាលារៀនខាងលើបាននិយាយថាទឹកជំនន់បានកើតឡើងនៅខាងក្នុងបរិវេណសាលារៀន និងលិចផ្លូវក្បែរសាលា ជាហេតុបង្ខំឱ្យពួកគេសម្រេចចិត្តបិទសាលារៀនមួយថ្ងៃដើម្បីសុវត្ថិភាព គ្រូបង្រៀន សិស្ស និងក្រុមគ្រួសាររបស់ពួកគេ។
ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមក្នុងខេត្ត Samut Prakan កាលពីល្ងាចថ្ងៃអាទិត្យ ហើយបន្តធ្លាក់រយៈពេលជាង៣ម៉ោងដោយបណ្ដោលមានទឹកជំនន់ ជន់លិចផ្លូវជាច្រើន។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ទឹកជំនន់នៅតែបន្តជន់លិចផ្លូវនៃផ្នែកជាច្រើនក្នុងខេត្តមួយនេះ។
គួរបញ្ជាក់ថា អាជ្ញាធរឧតុនិយមថៃ នៅថ្ងៃចន្ទនេះបានព្យាករថាភ្លៀងធ្លាក់ខ្លាំងនឹងនៅតែធ្លាក់ ជាពិសេសនៅផ្នែកជាច្រើននៃទីក្រុងបាងកក ព្រមទាំងខេត្តនៅជុំវិញ និងតំបន់ភាគខាងកើតប្រទេស៕