Breaking៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី!

មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានបញ្ជាក់ថាដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Kirishi ក្នុងតំបន់ Leningrad ភាគពាយ័ព្យរបស់រុស្ស៊ី កាលពីយប់សៅរ៍ទី១៣ខែកញ្ញា ដោយបង្កឱ្យមានភ្លើងឆេះយ៉ាងធំ។
ប្រភពពីសារព័ត៌មានAP។

រោងចក្រ Kirishi ដែលដំណើរការដោយក្រុមហ៊ុន Surgutneftegas គឺជារោងចក្រដ៏សំខាន់មួយរបស់រុស្ស៊ី មានសមត្ថភាពផលិតប្រេងឆៅប្រមាណ 355,000 បារ៉ែលក្នុងមួយថ្ងៃ ហើយជាមួយនឹងរោងចក្រចម្រាញ់ប្រេងកំពូលផ្សេងទៀត វាជាប្រភពចម្បងផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុក និងការនាំចេញ។

អគ្គសេនាធិការ អ៊ុយក្រែន បាន បង្ហោះ រូបថត លើបណ្តាញសង្គម បង្ហាញ ពី ភ្លើង និង ពពក ផ្សែងក្រហមខ្មៅប៉ះកណ្ដាលមេឃ។ ខណៈពេលដដែល អភិបាលតំបន់ Alexander Drozdenko បាននិយាយថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 3 គ្រឿង ប៉ុន្តែកំទេចកំទីរបស់វាត្រូវបានគេជឿថា បានធ្លាក់ចុះបង្កការផ្ទុះ និងភ្លើងនៅក្នុងរោងចក្រ។ លោកបញ្ជាក់ថា មិនមានអ្នករងរបួសទេ ហើយភ្លើងត្រូវបានគ្រប់គ្រង។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កាលពីយប់នោះតែម្ដង បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ជាង 80 គ្រឿង នៅលើទឹកដីរុស្ស៊ី ឧបទ្វីប Crimea និងសមុទ្រ Azov។ ទោះយ៉ាងណា មិនមានការបញ្ជាក់ដោយឯករាជ្យពីចំនួននោះឡើយ។

នេះមិនមែនជាការវាយប្រហារដំបូងលើ Kirishi ទេ។ នៅខែមីនា អ៊ុយក្រែនក៏បានវាយប្រហារលើរោងចក្រនេះ ដោយបណ្តាលឱ្យខូចខាតតិចតួច។

សូមបញ្ជាក់ថា៖ ប្រទេសរុស្ស៊ីនៅតែជាប្រទេសនាំចេញប្រេងធំជាងគេទីពីររបស់ពិភពលោក ប៉ុន្តែការវាយប្រហារបន្តរបស់អ៊ុយក្រែន កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ស្ថេរភាពផ្គត់ផ្គង់ និងទីផ្សារពាណិជ្ជកម្មរបស់ម៉ូស្គូ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version