Breaking៖ កម្ពុជា បញ្ជាក់ចំណុចព្រំដែនជាមួយថៃនិងស្នើឱ្យពិភាក្សាតាមJBCដើម្បីរកដំណោះស្រាយសន្តិភាព!

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះការលើកឡើងពីគេហទំព័រផ្លូវការខ្លះៗរបស់ភាគីថៃ ពាក់ព័ន្ធនឹងបញ្ហាការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅតាមតំបន់ព្រំដែន ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់ចំពោះបញ្ហានេះរួចមកហើយ ហើយតាមលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានដោះស្រាយបញ្ហាមួយចំនួនស្រេចរួចរាល់ផងដែរ។ ទោះយ៉ាងណា សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា បញ្ហាដែលនៅសេសសល់ និងលើសពីអាណត្តិរបស់អង្គភាពតាមព្រំដែន ត្រូវបញ្ជូនឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដើម្បីពិភាក្សា និងដោះស្រាយស្របតាមអនុស្សារណៈយោគយល់គ្នា MOU ឆ្នាំ២០០០។

ក្រសួងការពារជាតិបានស្នើឱ្យគ្រប់ភាគីទាំងអស់ បន្សល់ចោលសកម្មភាពដែលអាចបង្កភាពតានតឹង និងជំរុញឱ្យមានការពង្រីកជម្លោះ។ ជាថ្មីម្តងទៀត កម្ពុជាបានផ្ដោតលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលបានសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់។
កម្ពុជាប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងផ្តល់ប្រយោជន៍រួមដល់ប្រជាជនទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version