Breaking៖ ប៉ូឡូញនិងអ៊ុយក្រែន ចុះហត្ថលេខាបង្កើតក្រុមការងាររួមលើវិស័យដ្រូន!

កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញា ប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការបង្កើតក្រុមការងាររួមគ្នាលើវិស័យយន្តហោះគ្មានមនុស្សបើក (Drone) ដោយមានការចូលរួមរបស់លោក Denys Shmyhal រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងសមភាគីប៉ូឡូញ លោក Wladislaw Kosiniak-Kamysz។
ប្រភពពីសារព័ត៌មានAANews។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram លោក Shmyhal បានបញ្ជាក់ថា ក្រុមការងារនេះនឹងផ្តោតលើ កម្មវិធីបណ្តុះបណ្តាលរួម, ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍, ការអភិវឌ្ឍន៍ និងសាកល្បងបច្ចេកទេសប្រើប្រាស់ និងការប្រឆាំងយន្តហោះគ្មានមនុស្សបើក។ គាត់បានសរសេរថា កិច្ចព្រមព្រៀងថ្មីនេះគឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ទៅកាន់ “កម្រិតថ្មីមួយ”។

ក្រៅពីអនុស្សរណៈនេះ រដ្ឋមន្ត្រីទាំងពីរនៅក្រុងគីវ ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ។ ពួកគេបានអំពាវនាវឱ្យសមាជិកណាតូ បញ្ជូនអ្នកជំនាញចូលរួមនៅមជ្ឈមណ្ឌលវិភាគ ការបណ្តុះបណ្តាល និងអប់រំរួម ដែលបានបើកសម្ពោធនៅខែកុម្ភៈ។

“ខ្ញុំសូមអរគុណចំពោះប្រទេសប៉ូឡូញ និងលោក Kosiniak-Kamysz សម្រាប់ការគាំទ្រដ៏មានតម្លៃ។ យើងកំពុងរួមគ្នាពង្រឹងសន្តិសុខប្រទេសរបស់យើង និងទ្វីបអឺរ៉ុបទាំងមូល” លោក Shmyhal បាននិយាយ។

អនុលោមទៅនឹងកិច្ចសហប្រតិបត្តិការថ្មីនេះ កាលពីសប្តាហ៍មុន ប៉ូឡូញបានប្រកាសថា មានយន្តហោះគ្មានមនុស្សបើកយ៉ាងតិច ១៩ គ្រឿង បានឆ្លងចូលដែនអាកាសរបស់ខ្លួន ក្នុងពេលដែលរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ រុស្ស៊ីវិញអះអាងថា ការលុកលុយនោះគ្មានចេតនាទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version