សម្តេចធិបតី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបារាំងថ្មី ចូលសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បារាំង និងកម្ពុជាគឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និង ប្រកបដោយភាពរឹងមាំ។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា, រីកចម្រើន និង រឹងមាំថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនង និងមិត្តភាព ព្រមទាំង កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ប្រជាជន និងប្រជាជន រួមទាំងវិស័យឯកជន និង វិស័យ ឯកជន ។ សម្ដេចបវរធិបតីបានបន្ថែមថា វឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំង ជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន និងបានបើកឱកាសបន្ថែមជាច្រើនទៀត សម្រាប់ប្រទេសទាំងពីរ។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, សុខាភិបាល, ថាមពល, វប្បធម៌ និងបរិស្ថាន។

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង ឯកឧត្តម Emmanuel Macron ដែលបានគាំទ្រដល់បទឈប់បាញ់កន្លងមក និងបាន ជម្រាប ជូន ឯកឧត្តម អគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាព ស្តីពីការវិវឌ្ឍ នៃស្ថាន ភាព ព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុ សញ្ញាសទ្ធិសញ្ញាដែលមានស្រាប់និងច្បាប់ អន្តរជាតិ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមបានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន និងរាយការណ៍អំពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version