Breaking៖ លោកត្រាំ នឹងផ្តល់យន្តហោះចម្បាំងF-35 ដល់ទួរគី ប្រសិនបើឈប់ទិញប្រេងពីរុស្ស៊ី!

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញា ថាអាចនឹងពិចារណាដោះស្រាយវិវាទជាមួយប្រទេសទួរគី ដោយផ្តល់ឱកាសឲ្យអង់ការ៉ាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 វិញ ប្រសិនបើរាជរដ្ឋាភិបាលរបស់លោក Recep Tayyip Erdogan ឈប់ទិញប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី។
ប្រភពពីសារព័ត៌មាន RoyaNews។

លោក Erdogan កំពុងធ្វើទស្សនកិច្ចផ្លូវការទៅកាន់សេតវិមាន ជាលើកដំបូងក្នុងរយៈពេលជាងប្រាំឆ្នាំ។ កាលពីឆ្នាំ 2019 ទួរគីត្រូវបានដកចេញពីកម្មវិធី F-35 ដោយសារបានទិញប្រព័ន្ធកាំជ្រួច S-400 ពីរុស្ស៊ី ដែលបង្កឲ្យអាមេរិក និងសម្ព័ន្ធមិត្ត NATO មានការព្រួយបារម្ភ។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាជាមួយ Erdogan មានការរីកចម្រើន និងអាចនាំឲ្យមានការដកទណ្ឌកម្មលើវិស័យការពារជាតិរបស់ទួរគី “ស្ទើរតែភ្លាមៗ” ប្រសិនបើមានការប្តូរនយោបាយច្បាស់លាស់។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិកក៏បានផ្ដល់សារមួយដ៏តឹងរ៉ឹងផងដែរ។ លោកបានច្រានចោលការបន្តទិញប្រេងពីរុស្ស៊ីរបស់អង់ការ៉ា ពេលដែលម៉ូស្គូនៅតែបន្តសង្គ្រាមលើអ៊ុយក្រែន។ “អ្វីដែលល្អបំផុតដែលលោក Erdogan អាចធ្វើបាន គឺឈប់ទិញប្រេង និងឧស្ម័នពីរុស្ស៊ី,” លោក Trump ចេញសំឡេងព្រមាន។

ទួរគីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ដោយមានតម្លៃពាណិជ្ជកម្មកាលពីឆ្នាំមុនឡើងដល់ 52 ពាន់លានដុល្លារ ដែលភាគច្រើនជាឥន្ធនៈហ្វូស៊ីល។

ក្រៅពីបញ្ហាពាណិជ្ជកម្ម និងសន្តិសុខ លោក Trump និងលោក Erdogan ក៏បានពិភាក្សាអំពីស្ថានការណ៍នៅ Gaza និង ស៊ីរី ផងដែរ។ ទោះបីជាមានទស្សនៈខុសគ្នាខ្លាំងលើវិស័យតំបន់ ប៉ុន្តែទាំងពីរបានបង្ហាញពីការចង់បានឆ្លើយតបក្នុងទិសដៅក្រុមមិត្តភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version