ក្រុមអ្នកជួយសង្គ្រោះនៅក្រុង Sidoarjo ខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី បានបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបន្ទាប់ពីសាលាបង្រៀនអ៊ីស្លាម Al Khoziny ដួលរលំកាលពីថ្ងៃចន្ទ។ ទោះយ៉ាងណា មន្ត្រីជាតិបានបង្ហាញថា អ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែក៥៩នាក់មិនមានសញ្ញាថានៅមានជីវិតនោះឡើយ។
ប្រភពពីសារព័ត៌មានCNA។
លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ រួមមានដ្រូនកម្ដៅ ដើម្បីស្វែងរកសញ្ញានៃអ្នកនៅមានជីវិតប៉ុន្តែ “លទ្ធផលបង្ហាញថាមិនមានសញ្ញានៃអាយុជីវិតទៀតឡើយ”។
សាលាដែលមានទីតាំងចម្ងាយប្រមាណ ៧៨០ គីឡូម៉ែត្រពីទីក្រុង Jakarta បានដួលរលំ ខណៈដែលគ្រឹះរបស់វាមិនអាចទ្រទ្រង់សំណង់ថ្មីកំពុងសាងសង់នៅជាន់លើបាន។ ពេលនោះ សិស្សរាប់សិបនាក់កំពុងបន់ស្រន់ ហើយជាប់នៅក្រោមគំនរបាក់បែក។
ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តដើម្បីស្វែងរកអ្នកជាប់នៅក្រោមគំនរបាក់បែកដោយកំណត់ថា មនុស្ស ៥៩ នាក់នៅតែបាត់ខ្លួន៕