Breaking៖ អ៊ីស្រាអែល ឃាត់ខ្លួនសកម្មជនជាង៤០០នាក់ពីនាវាSumud Flotilla ដែលធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា!

ក្រសួងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលា ថាកងទ័ពជើងទឹករបស់ខ្លួនបានស្ទាក់ចាប់ទូកជាង ៤០ គ្រឿង ក្នុងក្បួន Sumud Flotilla ដែលដឹកជំនួយ និងសកម្មជនគាំទ្រប៉ាឡេស្ទីនជាង ៤០០ នាក់។ នាវាទាំងនោះកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ក្នុងគោលបំណងបំបែកការបិទផ្លូវសមុទ្រដែលអ៊ីស្រាអែលដាក់លើតំបន់នេះ។
ប្រភពពីសារព័ត៌មានRoyaNews។

មន្ត្រីអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះបានប្រើពេល ១២ ម៉ោង ដើម្បីរារាំងក្បួនដែលគេហៅថា ប៉ុនប៉ងរំលោភលើការបិទផ្លូវស្របច្បាប់។ នៅចុងក្រោយ សកម្មជនទាំងអស់ត្រូវបាននាំទៅកាន់កំពង់ផែ Ashdod ដើម្បីសាកសួរ និងរៀបចំការនិរទេសទៅអឺរ៉ុប។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បានសរសើរទៅកាន់កងទ័ពជើងទឹកថា បានបំពេញបេសកកម្មជាមួយនឹង វិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់បំផុតក្នុងពេលពិសេសនៃពិធីបុណ្យ Yom Kippur។ គាត់បានអះអាងថា កិច្ចខិតខំប្រឹងប្រែងនេះបានរារាំងទូកជាច្រើនមិនឱ្យចូលទៅក្នុងតំបន់ប្រយុទ្ធ និងការប៉ុនប៉ងបំផ្លាញសិទ្ធិស្របច្បាប់របស់អ៊ីស្រាអែល។

ការស្ទាក់ចាប់នេះបានបង្កការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ អ្នករៀបចំ Sumud Flotilla បានហៅការវាយប្រហាររបស់អ៊ីស្រាអែលថា ខុសច្បាប់ និងបំភិតបំភ័យ ព្រោះវាជាការវាយប្រហារលើ បុគ្គលិកផ្តល់ជំនួយដែលគ្មានអាវុធ។ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិទាមទារសុវត្ថិភាព និងដោះលែងសកម្មជនទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version