(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។
ពាក់ព័ន្ធព្រួតគ្នាប្រើហិង្សា លើកុមារលក់អណ្តើកមុខអង្គរវត្ត ហើយករណីនេះបានល្បីនៅលើបណ្ដាញសង្គម បង្កការរិៈគន់ពីមហាជនទូទៅ។
ទាក់ទិនបញ្ហានេះអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា កាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ។
ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សា របស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖
១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។
តាមរយៈនេះ អាជ្ញាធរ ជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។
ក្នុងករណី មិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន នានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។
Advertisements
២- ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្នាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង ចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។
៣- អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។
៤- ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសាជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទនានា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមាន ប្រភពដើមនៅទីនោះ។
ការប្រកាសដាក់វិន័យ ពីសំណាក់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យមហាជរិៈគន់ជាខ្លាំង ថាមនុស្សចាស់ប្រើហិង្សា លើក្មេងបានត្រឹមដាក់វិន័យ ដោយមិនអនុវត្តច្បាប់។
លុះដល់ព្រឹកទី១៣.០១.២០២៤ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រេចសុំគោលការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់តែម្ដងទៅ៕