ប្រធានអង្គការណាតូ លោក Mark Rutte បាននិយាយលេងសើចអំពីស្ថានភាពរបស់កងនាវារុស្ស៊ី ក្រោយមានរបាយការណ៍ថា នាវាមុជទឹកមួយរបស់ប្រទេសនេះត្រូវបានអូសទាញចេញពីសមុទ្រខាងជើងដោយសារបញ្ហាបច្ចេកទេស។
ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី១៤ តុលា។
កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីបានបញ្ជាក់ថា នាវាមុជទឹកប្រភេទម៉ាស៊ូត Novorossiysk បានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍អង់គ្លេស តាមបទប្បញ្ញត្តិនាវាចរណ៍អន្តរជាតិ។ ទោះយ៉ាងណា អាជ្ញាធរហូឡង់បាននិយាយថា កាលពីថ្ងៃសៅរ៍ កប៉ាល់នេះស្ថិតនៅក្រោមការអូសទាញ នៅពេលកំពុងឆ្លងកាត់សមុទ្រខាងជើង។
នៅក្នុងសុន្ទរកថានៅប្រទេសស្លូវេនី លោក Rutte បាន និយាយដោយសើចថាកងនាវារុស្ស៊ីស្ទើរតែមិនមានវត្តមាន នៅក្នុងសមុទ្រមេឌីទែរ៉ាណេខាងលិចទៀតទេ បង្ហាញពីភាព ចុះខ្សោយនៃសមត្ថភាពយោធារបស់ម៉ូស្កូក្រោយសង្គ្រាម អ៊ុយក្រែន។
របាយការណ៍ពីបណ្តាញ Telegram VChK-OGPU ដែល ជាបណ្តាញលេចធ្លាយព័ត៌មានសន្តិសុខរុស្ស៊ី បាននិយាយថា កាលពីចុងខែកញ្ញា មានការលេចធ្លាយប្រេងឥន្ធនៈនៅលើក ប៉ាល់ Novorossiysk នៅជិតច្រកសមុទ្រ Gibraltar បង្កើនហានិភ័យនៃការផ្ទុះ។
កងទ័ពជើងទឹក Royal Navy បានបញ្ជាក់ថា នាវាមុជទឹករុស្ស៊ី ត្រូវបានតាមដានក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ដោយនាវា HMS Iron Duke និងឧទ្ធម្ភាគចក្ររបស់ចក្រភពអង់គ្លេស។ បន្ទាប់មក កងនាវាហូឡង់បានអមដំណើរនាវារុស្ស៊ី និងកប៉ាល់អូសរបស់វា។
ទោះជាយ៉ាងណា ក្រសួងការពាររុស្ស៊ីបានបដិសេធព័ត៌មានអំពីការខូចម៉ាស៊ីន ឬការសង្គ្រោះបន្ទាន់៕