(ភ្នំពេញ)៖ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។
បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ រំលោភអំណាច និងបទសម្អាតប្រាក់។
-លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវតំណាងអយ្យការចោទពីបទ រំលោភអំណាច និងបទ សម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ករណីឃាត់ខ្លួនអភិបាលក្រុងកែប រូបនេះ ពាក់ព័ន្ធនឹងករណី ACU កសាងសំណុំរឿងស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់អំពីការរំលោភអំណាច និងសម្អាតប្រាក់។
សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី១២ ខែមករា ថា៖ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ ការវះកាត់ តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ។
ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
សម្តេចធិបតី បានលើកឡើងថា ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន ។
បច្ចុប្បន្នៈ ជនត្រូវចោទ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន៕