Breaking៖ តុលាការស្លូវ៉ាគី កាត់ទោសខ្មាន់កាំភ្លើងម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល២១ឆ្នាំ!

តុលាការពិសេសសម្រាប់ករណីឧក្រិដ្ឋកម្ម នៅប្រទេសស្លូវ៉ាគី បានកាត់ទោសបុរសម្នាក់អាយុ៧២ឆ្នាំដែលបានបាញ់នាយករដ្ឋមន្ត្រីRobert Fico កាលពីឆ្នាំ 2024 ឲ្យជាប់ពន្ធនាគាររយៈពេល២១ឆ្នាំ បន្ទាប់ពីរកឃើញថាគាត់បានប្រព្រឹត្តអំពើហឹង្សាដោយមានចេតនានយោបាយដែលតុលាការហៅថាជាការវាយប្រហារភេរវកម្ម។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី 21 ខែតុលា ឆ្នាំ 2025។

ជនជាប់ចោទឈ្មោះ Juraj Cintula ជាអតីតកវីនិងអ្នកសោធននិវត្តន៍មកពីទីក្រុងLevice នៅភាគខាងលិចរបស់ស្លូវ៉ាគី។ គាត់បានបាញ់នាយករដ្ឋមន្ត្រី Fico ចំនួន៤ដងនៅពេលដែលលោកចាកចេញពីកិច្ចប្រជុំរដ្ឋាភិបាលនៅកណ្ដាលប្រទេសកាលពីថ្ងៃទី15 ខែឧសភា ឆ្នាំ2024។

ក្នុងពេលក្រោយលោក Cintula បានអះអាងថាគាត់ធ្វើដូច្នោះដោយសារភាពអស់សង្ឃឹមខាងសីលធម៌និងនយោបាយ។ លោក Fico ត្រូវបានរបួសយ៉ាងធ្ងន់ប៉ុន្តែបានសះស្បើយនិងត្រឡប់មកធ្វើការវិញក្រោយពីរយៈពេល២ខែ។

តុលាការ បានបញ្ជាក់ថាអំពើបាញ់
ប្រហារនេះមានចេតនាបញ្ឈប់ការបំពេញ មុខងាររបស់រដ្ឋាភិបាលហើយជាឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរ ។ដើមឡើយរដ្ឋអាជ្ញាបានចោទលោក Cintula ពីបទឃាតកម្មគិតទុកជាមុនប៉ុន្តែក្រោយមកបានកែប្រែទៅជាបទវាយប្រហារភេរវកម្មដោយរៀបរាប់ថាមានចេតនានយោបាយច្បាស់លាស់។

តុលាការនៅទីក្រុង Banska Bystrica បានសម្រេចកាត់ទោសនៅថ្ងៃអង្គារដោយមានសុវត្ថិភាពតឹងរ៉ឹង។ អ្នកសង្កេតការណ៍ និងសារព័ត៌មានអន្តរជាតិត្រូវបានរារាំងពីការថតរូបនៅក្នុងសវនាការដើម្បីការពារសុវត្ថិភាពរបស់ចៅក្រម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version