នៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា គ្រូពេទ្យកោសល្យវិច្ច័យកំពុងប្រឹងប្រែង ដើម្បីស៊ើបអង្កេតសាកសពជនជាតិប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលប្រគល់មកវិញជាថ្នូរនឹងសាកសពចំណាប់ខ្មាំងអ៊ីស្រាអែល។
ប្រភពពីសារព័ត៌មានBBC កាលពីថ្ងៃទី២៤ខែតុលា។
ក្នុងរយៈពេលប្រមាណដប់ថ្ងៃកន្លងមកនេះ សាកសពជនជាតិប៉ាឡេស្ទីនចំនួន ១៩៥ នាក់ ត្រូវបានប្រគល់តាមរយៈអាជ្ញាធរពាក់ព័ន្ធជាផ្លូវការ ដោយជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលមានការចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Donald Trump។ ជាផ្នែកនៃកិច្ចព្រមព្រៀងដូចគ្នា សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១៣ នាក់ ត្រូវបានផ្ទេរវិញដែរ ខណៈដែលហាម៉ាសក៏ប្រគល់សាកសពជនបរទេសពីរនាក់ជនជាតិ នេប៉ាល់ និងថៃ ឱ្យអ៊ីស្រាអែលវិញផងដែរ។
រូបភាពដែលចេញផ្សាយដោយអាជ្ញាធរវេជ្ជសាស្ត្រហ្គាហ្សាបង្ហាញសាកសពជាច្រើនដែលរលួយយ៉ាងខ្លាំង មកដល់ក្នុងសម្លៀកបំពាក់ស៊ីវិល ឬអាក្រាតកាយលើកលែងតែខោទ្រនាប់។ គ្រូពេទ្យបានបញ្ជាក់ថា មានសាកសពមួយចំនួនមានសញ្ញារបួសធ្ងន់ធ្ងរ ដៃត្រូវបានចងនៅពីក្រោយខ្នង ខណៈដែលខ្លះត្រូវបានគេរកឃើញដោយបិទភ្នែក ឬមានខ្សែរុំជុំវិញក។ សញ្ញាដូច្នេះបានបង្កការសង្ស័យអំពីការធ្វើទារុណកម្មមុនពេលស្លាប់។
ប្រធានអង្គភាពកោសល្យវិច្ច័យ វេជ្ជបណ្ឌិត Ahmed Dheir បាននិយាយថា ការងារស៊ើបអង្កេតត្រូវប្រឈមនឹងឧបសគ្គធ្ងន់ធ្ងរ ដោយសារកង្វះធនធាន និងបរិក្ខារវេជ្ជសាស្ត្រសមស្រប។ មន្ទីរពេទ្យមិនមានកន្លែងផ្ទុកត្រជាក់គ្រប់គ្រាន់ ឬមន្ទីរធ្វើតេស្ត DNA ទេ៕