Breaking៖ អឺរ៉ុប ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើកងកម្លាំងUNនៅប្រទេសលីបង់!

កាលពីថ្ងៃចន្ទទី២៧ខែតុលា សហភាពអឺរ៉ុប បានថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់ ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់គោរពបទឈប់បាញ់ និងអំពាវនាវឱ្យអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីលីបង់។

ប្រភពពីសារព័ត៌មានReuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃទី 26 ខែតុលា គឺសំដៅទៅលើក្រុមកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលជា ឧប្បត្តិហេតុចុងក្រោយបំផុតក្នុងចំណោមឧប្បត្តិហេតុស្រដៀងគ្នាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

សហភាពអឺរ៉ុបបាននិយាយថាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងបរិវេណរបស់អង្គការសហប្រជាជាតិត្រូវតែធានាស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចលេខ 1701 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ដោយបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ខ្លួនសម្រាប់ការបន្ធូរបន្ថយភាពតានតឹង សហភាពអឺរ៉ុបបានជំរុញឱ្យគ្រប់ភាគីទាំងអស់គោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2024 និងអំពាវនាវឱ្យអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីលីបង់ទាំងមូល។

គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសម្តងហើយម្តងទៀតនៅលីបង់ដោយអះអាងថាកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធហេសបូឡាបើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចូលជាធរមាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ។

ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់កងទ័ពអ៊ីស្រាអែលត្រូវដកខ្លួនចេញពីភាគខាងត្បូងលីបង់ នៅខែមករាឆ្នាំ២០២៥។ ប៉ុន្តែខ្លួនបានដកទ័ពចេញមួយផ្នែកប៉ុណ្ណោះហើយបន្តរក្សា វត្តមានយោធានៅតាមប៉ុស្តិ៍ព្រំដែនចំនួនប្រាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version