(ភ្នំពេញ)៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងដំណើរការក្រោម យន្តការ ភាពជាដៃគូរវាងរដ្ឋនិងឯកជន..!។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ៤២០គីឡូម៉ែត្រ។
ចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និង ចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ។
ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង៣គីឡូម៉ែត្រ-ខេត្តកណ្ដាល១៨គីឡូម៉ែត្រ-ខេត្តកំពង់ចាម៤៣គីឡូម៉ែត្រ ខេត្តកំពង់ធំ១៣១គីឡូម៉ែត្រ-ខេត្តសៀមរាប១៣០គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ៩៥គីឡូម៉ែត្រ។
ដំណាក់កាលទី១-ភ្នំពេញ-សៀមរាបក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤។
បន្ទាប់មក ត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង FS អាចនឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនាឆ្នាំ២០២៤។
ដំណាក់ទី២-សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋានខែមីនា២០២៤ និងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនទៅក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខ៕